សហភាពអឺរ៉ុប៖ ការប្រើទ្រព្យសម្បត្តិរុស្ស៊ីដែលបង្កក ជាមធ្យោបាយល្អបំផុតដើម្បីជួយអ៊ុយក្រែន (Video inside)
13-11-2025 22:44
(ព្រុចសែល)៖ ប្រធានគណៈកម្មការប្រតិបត្តិសហភាពអឺរ៉ុប លោកស្រី អួរស៊ូឡា វ៉ុន ដឺ ល្ងៃអេន (Ursula von der Leyen) បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា ការផ្តល់ហិរញ្ញប្បទានដល់អ៊ុយក្រែនតាមរយៈ «កម្ចីសំណងសង្គ្រាម» ដោយផ្អែកលើទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលត្រូវបានបង្កក គឺជាជម្រើស «មានប្រសិទ្ធភាពបំផុត» ក្នុងចំណោមជម្រើសបីដែលសហភាពអឺរ៉ុបកំពុងពិចារណា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ថ្លែងទៅកាន់សភាអឺរ៉ុប លោកស្រីបានពន្យល់ពីយន្តការនៃជម្រើសនេះថា «យើងផ្តល់កម្ចីដល់អ៊ុយក្រែន ដែលអ៊ុយក្រែននឹងសងត្រឡប់មកវិញ រហូតទាល់តែរុស្ស៊ីបង់សំណងសង្គ្រាម»។ ជម្រើសនេះទទួលបានការគាំទ្រយ៉ាងទូលំទូលាយពីរដ្ឋមន្ត្រីហិរញ្ញវត្ថុសហភាពអឺរ៉ុប ព្រោះវាមិនបង្កើនបំណុលជាតិរបស់ពួកគេ ហើយនៅតែអាចផ្តល់ថវិកាដល់អ៊ុយក្រែនរហូតដល់ ១៤០ពាន់លានអឺរ៉ូ (ប្រហែល ១៦៣.៣ពាន់លានដុល្លារ) ក្នុងរយៈពេលពីរឆ្នាំ។
ទោះជាយ៉ាងណា ឧបសគ្គដ៏ធំមួយគឺប្រទេសបែលហ្ស៊ិក ដែលជាកន្លែងរក្សាទុកទ្រព្យសម្បត្តិរុស្ស៊ីភាគច្រើន។ បែលហ្ស៊ិកបារម្ភថា ខ្លួនអាចនឹងត្រូវរុស្ស៊ីប្តឹង ហើយត្រូវបង្ខំឱ្យសងប្រាក់ទាំងនោះវិញដោយម្នាក់ឯង។
គួរបញ្ជាក់ថា វិមានក្រឹមឡាំងបានចាត់ទុកសំណើនេះថាជា «ការរឹបអូសទ្រព្យសម្បត្តិរុស្ស៊ីដោយខុសច្បាប់» ហើយបានព្រមានថានឹងមានចំណាត់ការសងសឹក។ បច្ចុប្បន្ន គណៈកម្មការអឺរ៉ុបកំពុងចរចាជាមួយបែលហ្ស៊ិកដើម្បីដោះស្រាយកង្វល់ទាំងនេះ ដោយសង្ឃឹមថានឹងអាចទទួលបានការគាំទ្រពីមេដឹកនាំសហភាពអឺរ៉ុបសម្រាប់ផែនការនេះនៅក្នុងខែធ្នូខាងមុខ៕




