ចិនកោះហៅឯកអគ្គរដ្ឋទូតជប៉ុន ជុំវិញការអត្ថាធិប្បាយរបស់លោកស្រី Takaichi លើតៃវ៉ាន់ (Video inside)

14-11-2025 09:34

(ប៉េកាំង)៖ ចិន នៅថ្ងៃសុក្រ ទី១៤ ខែវិច្ឆិកា បាននិយាយថាខ្លួនបានកោះហៅឯកអគ្គរដ្ឋទូតជប៉ុន ជុំវិញការអត្ថាធិប្បាយរបស់នាយករដ្ឋមន្ត្រីថ្មីរបស់ជប៉ុន លោកស្រី Sanae Takaichi អំពីកោះតៃវ៉ាន់ ចំពេលភាពតានតឹង រវាងប្រទេសទាំង២ចាប់កក្រើកឡើងវិញសាជាថ្មី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

កាលពីសប្ដាហ៍មុន នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បានប្រាប់រដ្ឋសភាជប៉ុនថាការវាយប្រហារដោយប្រដាប់អាវុធណាមួយលើតៃវ៉ាន់ អាចនឹងតម្រូវឱ្យជប៉ុនធ្វើអន្តរាគមន៍យោធា។ ក្រោយមកលោកស្រី បាននិយាយការលើកឡើងរបស់លោកស្រីគ្រាន់តែជាការព្យាករតែប៉ុណ្ណោះ ហើយថាលោកស្រីនឹងចៀសវាងធ្វើការអត្ថាធិប្បាយបែបនេះនៅក្នុងរដ្ឋសភា។ តែទោះជាបែបនេះក្ដី លោកស្រី Takaichi បាននិយាយថា ការអត្ថាធិប្បាយរបស់លោកស្រីគឺស្របទៅតាមគោលជំហររបស់រដ្ឋាភិបាលជប៉ុន ហើយថាលោកស្រីនឹងមិនលេបសម្ដីដែលបាននិយាយរួចទៅហើយនោះទេ បន្ទាប់ពីតំណាងរាស្រ្តជប៉ុនមកពីបក្សប្រឆាំង លោក Oogushi Hiroshi បានឱ្យដឹងថាលោកស្រីបានកែប្រែពាក្យពេចន៍។

ទីក្រុងប៉េកាំងបានចាត់ទុកតៃវ៉ាន់ជាខេត្តមួយរបស់ខ្លួន ហើយថានឹងប្រើប្រាស់កម្លាំងយោធាដើម្បីបង្រួបបង្រួមជាតិក្នុងករណីចាំបាច់។ ជុំវិញភាពតានតឹងរវាងជប៉ុន និងចិននៅពេលនេះដែរ អនុរដ្ឋមន្ត្រីការបរទេសចិន លោក Sun Weidong បានកោះហៅឯកអគ្គរដ្ឋទូតជប៉ុនប្រចាំប្រទេស លោក Kenji Kanasugi កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។ នេះបើតាមសេចក្ដីថ្លែងការណ៍មួយចេញផ្សាយនៅសុក្រ ទី១៤ ខែវិច្ឆិកា នៅលើគេហទំព័រ របស់ក្រសួងការបរទេសចិន។ តាមសេចក្ដីថ្លែងការណ៍ដដែល លោកអនុរដ្ឋមន្ត្រីការបរទេសចិនបានសម្ដែងការជំទាស់យ៉ាងខ្លាំង ពាក់ព័ន្ធនឹងការអត្ថាធិប្បាយរបស់លោកស្រី Takaichi ខណៈក្រសួងការបរទេសចិន កាលពីថ្ងៃព្រហស្បតិ៍ក៏បានថ្កោលទោសការលើកឡើងរបស់លោកស្រី ហើយទាមទារឱ្យដកពាក្យសម្ដីវិញផងដែរ៕