អ្នកជំនាញសេដ្ឋកិច្ច ព្រមានថាថៃអាចនឹងខាតចំណូល ១៣០ពាន់លានបាត បើជម្លោះព្រំដែនជាមួយកម្ពុជាបន្តអូសបន្លាយ

14-11-2025 10:06

(បាងកក)៖ អ្នកជំនាញសេដ្ឋកិច្ចថៃ បានព្រមានពីការខូចខាតយ៉ាងធ្ងន់ធ្ងរ ប្រសិនបើជម្លោះព្រំដែនរវាងកម្ពុជា និងថៃផ្ទុះឡើងសាជាថ្មី ហើយក្នុងនោះវិស័យនាំចេញ ទេសចរណ៍ និងទីផ្សារការងារនឹងរងផលប៉ះពាល់ ខ្លាំងជាងគេ។ នេះបើតាមការចេញផ្សាយដោយកាសែតថៃ Bangkok Post នៅថ្ងៃសុក្រ ទី១៤ ខែវិច្ឆិកា។

លោក Poonyawat Sreesing ជាអ្នកជំនាញសេដ្ឋកិច្ចជាន់ខ្ពស់ម្នាក់ប្រចាំធនាគារ Siam Commercial Bank បាននិយាយថាថៃនឹងខាតចំណូល ១៣០ពាន់លានបាតពីការនាំចេញទំនិញទៅកម្ពុជា ឬស្មើ នឹង ១ភាគរយនៃការនាំចេញសរុបរបស់ថៃនៅឆ្នាំក្រោយ ប្រសិនបើភាពតានតឹងនៅតាមតំបន់ព្រំដែននៅតែបន្តអូសបន្លាយ។ តាមអ្នកជំនាញសេដ្ឋកិច្ចរូបនេះ អំឡុងត្រីមាសទី៣ ការនាំចេញរបស់ថៃទៅកាន់កម្ពុជា បានធ្លាក់ចុះអស់ ៤៣ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈពាណិជ្ជកម្មនៅតំបន់ព្រំដែនធ្លាក់ចុះជិត១០០ភាគរយ។

លោក Poonyawat បានបន្ថែមទៀតថាការនាំចេញ ទីផ្សារការងារ និងវិស័យទេសចរណ៍ អាចនឹងរងប៉ះពាល់ធ្ងន់ធ្ងរជាងគេ ប្រសិនបើភាពតានតឹងព្រំដែននៅតែបន្តអូសបន្លាយ៕