ជប៉ុន បញ្ជាក់ថាគោលជំហររបស់ខ្លួនលើតៃវ៉ាន់មិនផ្លាស់ប្ដូរទេ ចំពោះមុខភាពតានតឹងជាមួយចិន (Video inside)

14-11-2025 10:10

(តូក្យូ)៖ ជប៉ុន នៅថ្ងៃសុក្រ ទី១៤ ខែវិច្ឆិកា បាននិយាយថាគោលជំហររបស់ខ្លួនលើតៃវ៉ាន់មិនមានការផ្លាស់ប្ដូរទេ នៅចំពោះមុខភាពតានតឹងជាមួយចិន ជុំវិញការអត្ថាធិប្បាយរបស់នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi អំពីលទ្ធភាពនៃការវាយប្រហារប្រដាប់អាវុធរបស់ចិនលើតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ប្រធានលេខាធិការគណៈរដ្ឋមន្រ្តីជប៉ុន លោក Minoru Kihara បានប្រាប់ក្រុមអ្នកសារព័ត៌មានដូច្នេះថា «គោលជំហររបស់រដ្ឋាភិបាលជប៉ុនលើតៃវ៉ាន់នៅតែមិនមានការប្រែប្រួលឡើយ និងស្របទៅតាម សេចក្ដីថ្លែងការណ៍រួមជប៉ុន-ចិនឆ្នាំ១៩៧២»។ លោក Kihara ក៏បានជំរុញឱ្យមានការថែរក្សាស្ថិរភាព និងសន្តិភាពក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ផងដែរ។

គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បានប្រាប់រដ្ឋសភាជប៉ុនថាការវាយប្រហារដោយប្រដាប់អាវុធណាមួយលើតៃវ៉ាន់ ឬក៏ការវាយប្រហារលើនាវាចម្បាំងរបស់ សហរដ្ឋអាមេរិកដែលត្រូវបានបញ្ជូនទៅបំបែកការបិទខ្ទប់ណាមួយលើតៃវ៉ាន់ពីសំណាក់ចិន អាចនឹងតម្រូវឱ្យជប៉ុនធ្វើអន្តរាគមន៍យោធាជួយដល់សម្ព័ន្ធមិត្តរបស់ខ្លួន។ ក្រោយមកលោកស្រីបាននិយាយការលើកឡើង របស់លោកស្រីគ្រាន់តែជាការព្យាករតែប៉ុណ្ណោះ ហើយថាលោកស្រីនឹងចៀសវាងធ្វើការអត្ថាធិប្បាយបែបនេះនៅក្នុងរដ្ឋសភា។

តែទោះជាបែបនេះក្ដី លោកស្រី Takaichi បានប្រកាន់ជំហរថាការអត្ថាធិប្បាយរបស់លោកស្រីគឺស្របទៅតាមគោលជំហររបស់រដ្ឋាភិបាលជប៉ុន ហើយថាលោកស្រីនឹងមិនលេបសម្ដីដែលបាននិយាយរួចទៅហើយ នោះទេ។ ចិនវិញបានថ្កោលទោស និងបានទទូចឱ្យលោកស្រី Takaichi ដកការអត្ថាធិប្បាយនោះត្រឡប់ទៅវិញ ព្រមទាំងបានកោះហៅឯកអគ្គរដ្ឋទូតជប៉ុនប្រចាំប្រទេសចិនដើម្បីសម្ដែងការតវ៉ាផងដែរ នៅថ្ងៃសុក្រនេះ៕