សហរដ្ឋអាមេរិក សម្រេចលុបចោលពន្ធលើផលិតផលមួយចំនួន មកពីប្រទេសចំនួន ៤ នៅអាមេរិកឡាទីន
14-11-2025 11:48
(វ៉ាស៉ីនតោន)៖ អាហ្សង់ទីន ក្វាតេម៉ាឡា អេក្វាទ័រ និងអែលសាស់វ៉ាឌ័រ ទទួលបានការលុបចោលពន្ធគយពីសំណាក់សហរដ្ឋអាមេរិក លើមុខទំនិញមួយចំនួន ក្រោមក្របខណ្ឌនៃកិច្ចព្រមព្រៀង ដែលនឹងផ្តល់ឱកាសធំដល់ក្រុមហ៊ុនអាមេរិក សម្រាប់ការចូលទៅកាន់ទីផ្សារប្រទេសទាំងនោះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៤ ខែវិច្ឆិកា ឆ្នាំ ២០២៥។
មន្រ្តីជាន់ខ្ពស់ម្នាក់នៃរដ្ឋបាលលោក ត្រាំ បានឱ្យដឹងថា កិច្ចព្រមព្រៀងនេះ ត្រូវបានគេរំពឹងថានឹងជួយឱ្យតម្លៃកាហ្វេ ផ្លែចេក និងគ្រឿងឧបភោគបរិភោគដទៃទៀត ចុះថោក ដោយរដ្ឋបាលសង្ឃឹមថា អ្នកលក់រាយនៅក្នុងសហរដ្ឋអាមេរិក អាចបញ្រ្ជាបផលវិជ្ជមានដល់អ្នកប្រើប្រាស់អាមេរិក។ តាមមន្ត្រីដដែល កិច្ចព្រមព្រៀងក្របខ័ណ្ឌជាមួយប្រទេសទាំងនេះ គួរតែអាចសម្រេចបានក្នុងពេលឆាប់ៗ។
ក្រុមមន្រ្តីនៅក្នុងប្រទេសទាំង ៤ បានស្វាគមន៍ក្រមខណ្ឌនៃកិច្ចព្រៀងកាលពីថ្ងៃព្រហស្បតិ៍ ដែលនឹងរក្សាអត្រាពន្ធគយ ១០ភាគរយលើទំនិញភាគច្រើនពីអែលសាស់វ៉ាឌ័រ អាហ្សង់ទីន ក្វាតេម៉ាឡា និង ១៥ភាគរយសម្រាប់ទំនិញនាំចូលពីអេក្វាទ័រទៅកាន់សហរដ្ឋអាមេរិក។ ប៉ុន្តែមានការលុបចោលពន្ធអាមេរិក លើមុខទំនិញមួយចំនួន ដែលមិនត្រូវបានដាំដុះ ជីកយក ឬផលិតនៅក្នុងសហរដ្ឋអាមេរិក ឧទាហរណ៍ដូចជាផ្លែចេក និងកាហ្វេពីប្រទេសអេក្វាទ័រជាដើម៕




