សហរដ្ឋអាមេរិក កត់ឈ្មោះក្រុមឆ្វេងនិយមចំនួន៤ នៅអឺរ៉ុប ចូលបញ្ជីអង្គការភេរវករ (Video inside)

14-11-2025 13:19

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែវិច្ឆិកា សហរដ្ឋអាមេរិក បានសម្រេចកត់ឈ្មោះក្រុមសរុបចំនួន៤ នៅប្រទេសអាល្លឺម៉ង់ អ៉ីតាលី និងក្រិក ចូលក្នុងបញ្ជីអង្គការភេរវករពិភពលោក ស្របពេលដែលប្រធានាធិបតីលោក ដូណាល់ ត្រាំ កំណត់គោលដៅលើបណ្តាក្រុមឆ្វេងនិយម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rubio បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា រូបលោកបានចាត់បញ្ចូល ក្រុម Antifa Ost ដែលមានមូលដ្ឋាននៅអាល្លឺម៉ង់ រួមជាមួយក្រុម៣ផ្សេងទៀត ដែលមានមូលដ្ឋាននៅក្រិកនិងអ៉ីតាលី ជាអង្គការភេរវករពិភពលោក ដើម្បីជាកិច្ចប្រឹងប្រែងមួយ ស្របតាមការប្តេជ្ញារបស់ប្រធានាធិបតី ត្រាំ ក្នុងការទប់ស្កាត់យុទ្ធនាការហិង្សានយោបាយរបស់ចលនា Antifa។ លោកប្រមុខការទូតអាមេរិក ក៏បានព្រមានដែរថា ទីក្រុងវ៉ាស៉ីនតោន នឹងកំណត់គោលដៅលើក្រុមផ្សេងៗទៀត នៅជុំវិញពិភពលោក។

លោក ត្រាំ និងបក្សសាធារណរដ្ឋរបស់លោក បានចោទប្រកាន់អ្នកគាំទ្រចលនា antifa អំពីការដុតបញ្ឆេះ​អំពើហិង្សានយោបាយ ក្រោយករណីធ្វើឃាតសកម្មជនអភិរក្សនិយមនៅអាមេរិក លោក Charlie Kirk កាលពីខែកញ្ញា។ ក្នុងខែដដែលនោះ លោក ត្រាំ បានចេញបញ្ជាប្រតិបត្តិចាត់បញ្ចូលចលនា antifa ជាអង្គការភេរវករ។ Antifa គឺជាចលនាប្រឆាំងហ្វាស៉ីសនិយម ដែលមានលក្ខណៈវិមជ្ឈការ និងគ្មានរចនាសម្ព័ន្ធ ឋានានុក្រមដឹកនាំ ឬមេកើយ ច្បាស់លាស់ឡើយ។

គួរបញ្ជាក់ថា បើតាមក្រសួងការបរទេសអាមេរិក ក្រុម Antifa Ost ព្រមទាំងក្រុម Informal Anarchist Federation/International Revolutionary Front នៅអ៉ីតាលី ក៏ដូចជាក្រុម Armed Proletarian Justice និង ក្រុម Revolutionary Class Self-Defense នៅក្រិក គឺជាអ្នកពីក្រោយសកម្មភាពវាយប្រហារជាច្រើន ក្នុងប្រទេសទាំង៣ កាលពីចន្លោះឆ្នាំ២០១៨ ដល់ឆ្នាំ២០២៤។ ពាក់ព័ន្ធសេចក្តីប្រកាសរបស់សហរដ្ឋអាមេរិក រដ្ឋាភិបាលអាល្លឺម៉ង់ អ៉ីតាលី និងក្រិក មិនទាន់ចេញធ្វើការអត្ថាធិប្បាយណាមួយ នៅឡើយទេ៕