អាមេរិកអនុម័តគម្រោងលក់បរិក្ខារយោធា ទឹកប្រាក់៣៣០លានដុល្លារឱ្យតៃវ៉ាន់ ជាលើកដំបូងក្រោមរដ្ឋបាលលោក ត្រាំ (Video inside)
14-11-2025 13:46
(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ មន្ទីរបញ្ចកោណបានប្រកាសថា សហរដ្ឋអាមេរិក បានអនុម័តគម្រោងលក់គ្រឿងបន្លាស់យន្តហោះចម្បាំង ក្នុងទំហំទឹកប្រាក់ ៣៣០លានដុល្លារ ឱ្យទៅតៃវ៉ាន់ ខណៈវាគឺជាលើកដំបូងបំផុត ដែលទីក្រុងវ៉ាស៉ីនតោន បានអនុម័តគម្រោងលក់បរិក្ខារយោធាដល់ទីក្រុងតៃប៉ិបែបនេះ គិតចាប់តាំងពីប្រធានាធិបតី លោក ដូណាល់ ត្រាំ បានឡើងកាន់អំណាច កាលពីខែមករាមក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥។
ក្រសួងការពារជាតិអាមេរិក បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ថា គម្រោងលក់បរិក្ខារយោធាខាងលើ នឹងជួយពង្រឹងសមត្ថភាពរបស់កោះតៃវ៉ាន់ ក្នុងការឆ្លើយតបការគំរាមកំហែងបច្ចុប្បន្ន និងនាពេលអនាគត តាមរយៈការថែរក្សាសមត្ថភាពត្រៀមលក្ខណៈធ្វើប្រតិបត្តិការ នៃកងយន្តហោះ F-16, C-130 និងយន្តហោះយោធាផ្សេងៗទៀតរបស់តៃវ៉ាន់។
តៃវ៉ាន់ត្រូវចិនចាត់ទុកជាផ្នែកនៃទឹកដីរបស់ខ្លួន ហើយចិនមិនដែលច្រានចោល ជម្រើសនៃការប្រើប្រាស់កម្លាំង ដើម្បីគ្រប់គ្រងតៃវ៉ាន់ នោះឡើយ។ យ៉ាងណាមិញ លោក ត្រាំ បានអះអាងថា ប្រធានាធិបតីចិន លោក ស៉ី ជីនពីង បានធានាប្រាប់រូបលោកផ្ទាល់ថា ចិននឹងមិនវាយលុកលើតៃវ៉ាន់ទេ ដរាបណាលោកនៅជាប្រធានាធិបតីអាមេរិក។
គួរបញ្ជាក់ថា ការប្រកាសអំពីគម្រោងលក់បរិក្ខារយោធានេះ គឺធ្វើឡើងបន្ទាប់ពីលោក ត្រាំ និងលោក ស៉ី បានជួបគ្នាកាលពីខែតុលា នៅកូរ៉េខាងត្បូង ដើម្បីស្វែងរកកិច្ចព្រមព្រៀងពាណិជ្ជកម្ម រវាងមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំងពីរ។ មុនជំនួបនោះ មានការភ័យព្រួយនៅទីក្រុងតៃប៉ិថា លោក ត្រាំ អាចនឹងបោះបង់ផលប្រយោជន៍របស់តៃវ៉ាន់ ក្នុងទម្រង់ណាមួយ ឱ្យទៅលោក ស៉ី។ ទីក្រុងវ៉ាស៉ីនតោន មានទំនាក់ទំនងការទូតផ្លូវការជាមួយទីក្រុងប៉េកាំង ប៉ុន្តែរក្សាចំណងទាក់ទងមិនផ្លូវការជាមួយតៃវ៉ាន់ ហើយជាខ្នងបង្អែកព្រមទាំងជាអ្នកផ្គត់ផ្គង់សព្វាវុធដ៏សំខាន់បំផុត របស់ដែនកោះនេះ៕







