ប្រធានាធិបតី Lee Jae Myung ថាកូរ៉េខាងត្បូងនិងអាមេរិក ឯកភាពគ្នាលើកិច្ចព្រមព្រៀងសន្តិសុខនិងពាណិជ្ជកម្ម ព្រមទាំងនាវាមុជទឹក (Video inside)
14-11-2025 14:03
(សេអ៊ូល)៖ នាថ្ងៃសុក្រនេះ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បាននិយាយថា កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក បានឯកភាពគ្នាហើយលើ កិច្ចព្រមព្រៀងស្តីពីបញ្ហាពាណិជ្ជកម្មនិងសន្តិសុខ ក្រោយជំនួបកំពូលរបស់លោក ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីខែមុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥។
លោក Lee បាននិយាយយ៉ាងដូច្នេះថា «ទីបំផុត កិច្ចចរចាពាណិជ្ជកម្មនិងសន្តិសុខកូរ៉េខាងត្បូង-អាមេរិក ដែលស្ថិតក្នុងចំណោមកត្តាធំៗ ប៉ះពាល់សេដ្ឋកិច្ចនិងសន្តិសុខរបស់យើង គឺត្រូវបានបញ្ចប់ជាស្ថាពរហើយ។ ការប្រកួតប្រជែងល្អ ទាមទារដៃគូល្អឥតខ្ចោះ ហើយខ្ញុំជឿជាក់ថា ការសម្រេចចិត្តប្រកបដោយហេតុផលរបស់ប្រធានាធិបតី ត្រាំ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការសម្រេចបាននូវកិច្ចព្រមព្រៀងពោរពេញដោយអត្ថន័យ»។
ការធ្វើសេចក្តីប្រកាសដូចខាងលើ គឺបន្ទាប់ពីជំនួបកាលពីខែតុលា រវាងលោក Lee និងលោក ត្រាំ នៅកូរ៉េខាងត្បូង ជាទីដែលមេដឹកនាំទាំងពីរ បានយល់ស្រប ចំពោះការព្រមព្រៀងគ្នាមួយ ដែលនឹងកាត់បន្ថយពន្ធនាំចូលរបស់អាមេរិក លើទំនិញកូរ៉េខាងត្បូង ពី២៥ភាគរយ មកត្រឹម១៥ភាគរយ។
គួរបញ្ជាក់ថា បើតាមលោក Lee នៅក្រោមកិច្ចព្រមព្រៀង កូរ៉េខាងត្បូងនឹងសាងសង់នាវាដើរដោយថាមពលនុយក្លេអ៊ែរ ហើយបង្កើតភាពជាដៃគូថ្មីជាមួយសហរដ្ឋអាមេរិក នៅក្នុងឧស្សាហកម្មផលិតនាវា បញ្ញាសិប្បនិម្មិត (AI) និងថាមពលនុយក្លេអ៊ែរ។ ចំណែក បើតាមសេតវិមាន កូរ៉េខាងត្បូងនឹងធ្វើការវិនិយោគក្នុងទំហំទឹកប្រាក់សរុបរហូតដល់ ៣៥០ពាន់លានដុល្លារ នៅសហរដ្ឋអាមេរិក ក្នុងនោះ១៥០ពាន់លានដុល្លារ លើវិស័យផលិតនាវា៕







