កូរ៉េខាងជើង៖ ចំពោះមុខស្ថានការណ៍ពិភពលោកសព្វថ្ងៃ ការមានអាវុធនុយក្លេអ៊ែរ គឺជាជម្រើសត្រឹមត្រូវបំផុត ដើម្បីទប់ស្កាត់ប្រទេសនានា ដែលមានបំណងអាក្រក់
14-11-2025 14:26
(ព្យុងយ៉ាង)៖ នាថ្ងៃសុក្រនេះ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថា រដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង លោកស្រី Choe Son Hui បានថ្កោលទោស ការចេញសេចក្តីថ្លែងការណ៍រួម របស់ក្រុមប្រទេស G7 ដោយនិយាយថា លោកស្រីប្រឆាំងដាច់ខាត ចំពោះកិច្ចប្រឹងប្រែងរបស់ពួកគេ ដើម្បីជំរុញឱ្យប្រទេសរបស់លោកស្រី រំសាយអាវុធនុយក្លេអ៊ែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥។
សេចក្តីថ្លែងការណ៍រួមខាងលើ ដែលត្រូវបានចេញប្រកាសកាលពីថ្ងៃពុធសប្តាហ៍នេះ ក្រោយកិច្ចប្រជុំរវាងក្រុមរដ្ឋមន្រ្តីការបរទេស G7 នៅឯប្រទេសកាណាដា បានលើកឡើងថា ក្រុមប្រទេស G7 ថ្កោលទោសកម្មវិធីអភិវឌ្ឍអាវុធនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង ហើយបញ្ជាក់ជាថ្មីនូវការប្តេជ្ញារបស់ពួកគេ ចំពោះការរំសាយនុយក្លេអ៊ែទាំងស្រុងនៅកូរ៉េខាងជើង។
លោកស្រី Choe បាននិយាយថា សេចក្តីថ្លែងការណ៍រួមរបស់ G7 បង្កប់នូវទង្វើបង្កអរិភាព ហើយការទាមទារបែបនោះ គឺមិនអើពើទាល់តែសោះ ចំពោះរដ្ឋធម្មនុញ្ញរបស់កូរ៉េខាងជើង។ ជាចុងក្រោយ លោកស្រីប្រមុខការទូតកូរ៉េខាងជើង បានសង្កត់ធ្ងន់ថា នៅចំពោះមុខស្ថានការណ៍ភូមិសាស្រ្តនយោបាយដ៏អាក្រក់នាពេលបច្ចុប្បន្ន ការកាន់កាប់អាវុធនុយក្លេអ៊ែរនៅក្នុងដៃ គឺជាជម្រើសដ៏ត្រឹមត្រូវបំផុត ដើម្បីទប់ស្កាត់បណ្តាប្រទេសទាំងឡាយ ដែលមានគ្រោះថ្នាក់និងប្រកាន់អរិភាពខ្លាំងបំផុត៕







