រុស្ស៉ី ថាបានបាញ់ទម្លាក់ដ្រូន ២១៦គ្រឿង បាញ់ចេញពីអ៊ុយក្រែន កាលពីយប់មិញ (Video inside)
14-11-2025 14:58
(មូស្គូ)៖ ក្រសួងការពារជាតិរុស្ស៉ី បានឱ្យដឹងនៅថ្ងៃសុក្រ ទី១៤ ខែវិច្ឆិកាថា កងកម្លាំងការពារដែនអាកាសរបស់ខ្លួន បានបាញ់ទម្លាក់ ឬស្ទាក់ចាប់យន្តហោះដ្រូនរបស់អ៊ុយក្រែនចំនួន ២១៦គ្រឿង កាលពីវេលាយប់មិញ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ក្រសួងការពារជាតិបញ្ជាក់ថា ដ្រូន ៦៦គ្រឿងត្រូវបាញ់ទម្លាក់ក្នុងតំបន់ Krasnodar ភាគខាងជើង ជាទីក្រុមមន្រ្តីនិយាយថា ដេប៉ូប្រេង និងកំពង់ផែត្រូវបានកំណត់គោលដៅ។ នៅឯ Saratov អភិបាលតំបន់និយាយថា ការវាយប្រហារដោយដ្រូន ធ្វើឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធស៉ីវិល ខណៈដែលអភិបាលតំបន់ Volgograd បាននិយាយថា ប្រព័ន្ធការពារដែនអាកាស បានស្ទាក់ការវាយប្រហារដោយដ្រូនពេញមួយយប់ មកលើហេដ្ឋារចនាសម្ព័ន្ធថាមពល។
គួរបញ្ជាក់ថា ដ្រូន ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយពីសំណាក់ភាគីទាំងសងខាង ក្នុងសង្រ្គាមរុស្ស៉ី-អ៊ុយក្រែន៕




