បំណាក់ដីនៅឥណ្ឌូណេស៉ី បណ្តាលឱ្យមនុស្សពីរនាក់ស្លាប់ និង ២១កំពុងបាត់ខ្លួន (Video inside)
14-11-2025 15:36
(CILACAP)៖ មន្រ្តីទីភ្នាក់ងារគ្រោះមហន្តរាយ បានឱ្យដឹងនាថ្ងៃសុក្រ ទី១៤ ខែវិច្ឆិកាថា បំណាក់ដីក្នុងស្រុក Cilacap ភាគកណ្តាលខេត្ត Java បានឆក់យកជីវិតមនុស្ស ២នាក់ និង ២១នាក់កំពុងបាត់ខ្លួន នៅក្នុងប្រទេសឥណ្ឌូណេស៉ី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
បំណាក់ដីក្នុងភូមិចំនួន ៣នៃស្រុក Cilacap កាលពីយប់ថ្ងៃព្រហស្បតិ៍ ដោយបានកប់ និងបំផ្លាញផ្ទះសម្បែង។ លោក Abdul Muhari អ្នកនាំពាក្យទីភ្នាក់ងារគ្រោះមហន្តរាយរបស់ឥណ្ឌូណេស៉ី បញ្ជាក់ថា គិតមកដល់ព្រឹកថ្ងៃសុក្រ ក្រុមការងារចម្រុះរកឃើញមនុស្ស ២៣នាក់នៅមានជីវិត ២នាក់ស្លាប់ បាត់ខ្លួនចំនួន ២១នាក់ ខណៈប្រតិបត្តិការស្វែងរក និងជួយសង្រ្គោះកំពុងបន្ត។ លោកបន្ថែមថា អាកាសធាតុប្រែប្រួល រារាំងដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ ហើយឧបករណ៍ធុនធ្ងន់ ត្រូវបានដាក់ពង្រាយដើម្បីជួយដល់ប្រតិបត្តិការ។
គួរបញ្ជាក់ថា ទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្រ បានចេញការអំពីគ្រោះមហន្តរាយធម្មជាតិ កាលពីដើមសប្តាហ៍ ដោយនៅតាមតំបន់ជាច្រើននៃប្រទេសឥណ្ឌូណេស៉ី អាចនឹងមានភ្លៀងធ្លាក់ខ្លាំង ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ទៅមុខ។ រដូវភ្លៀងមូសុងនៅឥណ្ឌូណេស៉ី ជាធម្មតាកើតឡើងនៅចន្លោះខែវិច្ឆិកា និងខែមេសា ដែលនាំមកនូវបំណាក់ដី ទឹកជំនន់ភ្លាមៗ និងជំងឺអាសន្នរោគ៕







