បទវិភាគ៖ ពន្លឺនៃក្តីសង្ឃឹម៖ ការធ្វើទំនើបកម្មតាមបែបផែនចិនបំភ្លឺផ្លូវនៃការអភិវឌ្ឍសកល

14-11-2025 16:00

(ប៉េកាំង)៖ កិច្ចប្រជុំពេញអង្គលើកទី ៤ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ ដែលប្រារព្ធធ្វើនៅពេលមុននេះ មិនជាយូរប៉ុន្មានបានពិនិត្យពិភាក្សានិងអនុម័តលើ «សំណើរបស់មជ្ឈិមបក្សកុម្មុយនីស្តចិន ស្តីពីការតាក់តែងផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាតិចិន» ដោយបានផ្តោតលើគោលដៅថ្មីស្តីពីការអភិវឌ្ឍ នៃការធ្វើទំនើបកម្មតាមបែបផែនចិនក្នុងរយៈពេល ៥ ឆ្នាំខាងមុខរហូតដល់រយៈពេលកាន់តែយូរអង្វែង។

បច្ចុប្បន្ននេះ បម្រែបម្រួលនិម្មាបនកម្មពិភពលោកដែលពុំធ្លាប់កើតមាន ក្នុងអំឡុងពេលមួយសតវត្សរ៍កន្លងទៅ កំពុងវិវត្តទៅមុខយ៉ាងលឿន សេដ្ឋកិច្ចសកលងើបឡើងវិញដោយទន់ខ្សោយ ហើយហានិភ័យភូមិសាស្ត្រនយោបាយបានកើនឡើង ។ ផែនការគោលថ្មីសម្រាប់ ការអភិវឌ្ឍរបស់ប្រទេសចិនដែលបានគ្រោង ដោយកិច្ចប្រជុំពេញអង្គលើកទី ៤ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន អាណត្តិទី ២០ មិនត្រឹមតែពាក់ព័ន្ធដល់ទិសដៅអភិវឌ្ឍន៍ របស់ប្រទេសចិនខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងក៏បានជះឥទ្ធិពលដ៏ជ្រាលជ្រៅ និងវែងឆ្ងាយចំពោះស្ថិរភាពនៃនិម្មាបនកម្មពិភពលោក និងការបង្កើតឡើងវិញនៃសណ្តាប់ធ្នាប់ នាពេលអនាគតផងដែរ។

ពិភពលោកបច្ចុប្បន្ននេះ ឱនភាពសន្តិភាព ឱនភាពអភិវឌ្ឍន៍ ឱនភាពសន្តិសុខនិងឱនភាពអភិបាលកិច្ចបានត្រួតលើគ្នា ឯកតោភាគីនិយមនិងការការពារនិយមបានងើបឡើងវិញ ។ ក្នុងអំឡុងពេលអនុវត្តផែនការជាតិ ៥ ឆ្នាំទី ១៤ ប្រឈមមុខនឹងស្ថានការណ៍អន្តរជាតិដ៏ស្មុគស្មាញ រដ្ឋាភិបាលចិនបានឆ្លើយតបប្រកបដោយប្រសិទ្ធភាព ចំពោះហានិភ័យនិង បញ្ហាប្រឈមសំខាន់ៗមួយចំនួន ហើយកម្លាំងសេដ្ឋកិច្ច កម្លាំងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានិងកម្លាំងចម្រុះរបស់ប្រទេសចិន បានឡើងដល់កម្រិតថ្មីថែមទៀត។

អត្រារួមចំណែករបស់ចិនចំពោះកំណើនសេដ្ឋកិច្ចពិភពលោកបានបន្តនាំមុខគេក្នុងចំណោមប្រទេសផ្សេងទៀត ។ ក្នុងអំឡុងពេលអនុវត្តផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៤ ផលិតផលក្នុងស្រុកសរុប(GDP)របស់ចិនមានចំនួនលើសពី ១១០ ទ្រីលានយាន់ប្រាក់ចិន ១២០ ទ្រីលានយាន់ប្រាក់ចិននិង ១៣០ ទ្រីលានយាន់ប្រាក់ចិនជាបន្តបន្ទាប់ តាមការប៉ាន់ប្រមាណ ផលិតផលក្នុងស្រុកសរុបរបស់ចិននៅឆ្នាំនេះនឹងឈានដល់ប្រហែល ១៤០ ទ្រីលានយាន់ប្រាក់ចិន ហើយអត្រារួមចំណែករបស់ប្រទេសចិន ចំពោះកំណើនសេដ្ឋកិច្ចពិភពលោក គឺ ប្រហែល ៣០ ភាគរយ ។ ការធ្វើឧស្សាហូបនីយកម្មបែបថ្មីត្រូវបានជំរុញយ៉ាងស៊ីជម្រៅ ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៤ តម្លៃបន្ថែមនៃសហគ្រាស ឧស្សាហកម្មផលិតគ្រឿងបរិក្ខារធុនមធ្យមនិងធំនិងតម្លៃបន្ថែមនៃឧស្សាហកម្មកម្មន្តសាលបច្ចេកវិទ្យាខ្ពស់គិតជាមធ្យមក្នុងមួយឆ្នាំបានកើនឡើង ៨,២ ភាគរយនិង ៩,២ ភាគរយដោយឡែកពីគ្នា។

ប្រទេសចិនបានបង្កើតប្រព័ន្ធថាមពលកកើតឡើងវិញ ដ៏ធំបំផុតនិងអភិវឌ្ឍលឿនបំផុតនៅលើពិភពលោក អនុបាតនៃការប្រើប្រាស់ថាមពលឥន្ធនៈមិនមែនហ្វូស៊ីលក្នុងចំណោមបរិមាណសរុបនៃការប្រើប្រាស់ថាមពលបានកើនឡើងពី ១៦ ភាគរយក្នុងឆ្នាំ ២០២០ ដល់ ១៩,៨ ភាគរយក្នុងឆ្នាំ ២០២៤ ហើយអនុបាតនៃការប្រើប្រាស់ធ្យូងថ្មរបស់ចិនបានធ្លាក់ចុះពី ៥៦,៨ ភាគរយក្នុងឆ្នាំ ២០២០ មកនៅត្រឹម ៥៣,២ ភាគរយក្នុងឆ្នាំ ២០២៤ ។ គិតមកទល់ចុងឆ្នាំ ២០២៤ ចិនបានបង្កើតរោងចក្របៃតងថ្នាក់ជាតិសរុបចំនួន ៦៤៣០ កន្លែង ហើយអនុបាតនៃតម្លៃផលិតកម្ម នៃរោងចក្របៃតង នៅទូទាំងប្រទេសប្រហែលត្រូវជា ២០ ភាគរយក្នុងតម្លៃផលិតកម្មសរុបនៃឧស្សាហកម្មកម្មន្តសាល ។ នៅឆ្នាំ ២០២៤ បរិមាណផលិតរថយន្តថាមពលថ្មីរបស់ចិនក្នុងឆ្នាំ ២០២៤ បានកើនឡើងជាង ៨ ដងបើប្រៀបធៀបនឹងឆ្នាំ ២០២០ ហើយបរិមាណផលិតនិងលក់ដូររថយន្តថាមពលថ្មី បានឈរនៅលំដាប់ទីមួយលើទូទាំងពិភពលោក ក្នុងរយៈពេល ១០ ឆ្នាំជាប់ៗគ្នា ។

ក្នុងបរិបទដែលកម្លាំងចលករខាងកំណើនសេដ្ឋកិច្ចពិភពលោក កាន់តែទន់ខ្សោយនិងហានិភ័យភូមិសាស្ត្រនយោបាយ បានកើនឡើងជាបន្តបន្ទាប់ ប្រទេសចិនបានក្លាយជា "ឧបរកណ៍ជំរុញ" និង "យុថ្កាលំនឹង" សំខាន់ៗសម្រាប់ជំរុញ ការងើបឡើងវិញនៃសេដ្ឋកិច្ចសកល ។ ក្រឡេកទៅមើលរយៈពេល ៥ ឆ្នាំកន្លងទៅនេះ ជានិច្ចកាល ប្រទេសចិនតែងតែ ជំរុញវឌ្ឍនភាពរបស់ពិភពលោកតាមរយៈស្ថិរភាពរបស់ខ្លួន និងផ្តល់ផលប្រយោជន៍កាន់តែច្រើនជូនចំពោះប្រជាជន នៃបណ្តាប្រទេសនានាតាមរយៈការអភិវឌ្ឍរបស់ខ្លួន។

កិច្ចប្រជុំពេញអង្គលើកទី ៤ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ បានលើកឡើងនូវគោលដៅដ៏សំខាន់ នៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមក្នុងអំឡុងពេលអនុវត្តផែនការ ៥ ឆ្នាំទី ១៥ ដែលបង្ហាញពីការប្តេជ្ញាចិត្តដ៏មុតមាំ របស់ប្រទេសចិនក្នុងការធ្វើកិច្ចខិតខំប្រឹងប្រែងជាបន្តទៀត ដើម្បីបន្តជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន ។ ការធ្វើទំនើបកម្មតាមបែបផែនចិន មិនត្រឹមតែពាក់ព័ន្ធនឹងការរៀបចំចាត់ចែងជាប្រព័ន្ធ សម្រាប់ការអភិវឌ្ឍក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងក៏បានបង្កប់នូវសារសំខាន់ជាទូទៅ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិនាពេលអនាគតផងដែរ។

ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់ប្រទេសចិន បានត្រួសត្រាយចន្លោះថ្មីសម្រាប់កិច្ចសហប្រតិបត្តិការសកល ។ សំណើស្តីពីផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥ បានលើកឡើងថា៖ "ការប្រកាន់ខ្ជាប់ការបើកទូលាយនិង កិច្ចសហប្រតិបត្តិការនិងជំរុញការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះគឺជាតម្រូវការជាស្នូលនៃ ការធ្វើទំនើបកម្មតាមបែបផែនចិន ។ ប្រទេសចិនត្រូវពង្រីកការបើកទូលាយផ្នែកប្រព័ន្ធច្បាប់ជាលំដាប់ គាំពារប្រព័ន្ធពាណិជ្ជកម្មពហុភាគី ពង្រីកដំណើរវិលជុំអន្តរជាតិដើម្បីជំរុញការធ្វើកំណែទម្រង់និងការអភិវឌ្ឍតាមរយ:ការបើកទូលាយ ក៏ដូចជាចែករំលែកកាលានុវត្តភាពនិងសម្រេចបាននូវការអភិវឌ្ឍរួម ជាមួយបណ្តាប្រទេសនានាលើពិភពលោក" ។ អាកប្បកិរិយាបើកទូលាយ ដែលធ្វើកិច្ចសហប្រតិបតិ្តការឈ្នះ-ឈ្នះបែបនេះបានធ្វើឱ្យប្រទេសចិនក្លាយជា អ្នកផ្តួចផ្តើមពហុភាគីនិយមដ៏មុតមាំបំផុត ក្នុងការដើរបញ្ច្រាសពីសកលភាវូបនីយកម្ម។

ការអភិវឌ្ឍផលិតកម្មគុណភាពថ្មីរបស់ប្រទេសចិន បានតម្រង់ទិសដៅអភិវឌ្ឍន៍សម្រាប់ការធ្វើបរិវត្តកម្មបច្ចេកវិទ្យាអន្តរជាតិ ។ សំណើស្តីពីផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥ បានលើកឡើងថា៖ "ត្រូវពន្លឿនការសម្រេចបាន នូវការសិក្សាស្រាវជ្រាវអំពីបច្ចេកវិទ្យាកម្រិតខ្ពស់ ដោយឯករាជ្យម្ចាស់ការដើម្បីជំរុញ ការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី" ។ ប្រការនេះមិនត្រឹមតែជាតម្រូវការ សម្រាប់ការអភិវឌ្ឍរបស់ប្រទេសចិនខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងក៏ជាការឆ្លើយតបយ៉ាងសកម្ម ចំពោះនិម្មាបនកម្មប្រកួតប្រជែងនៃវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាសកលផងដែរ ។ ប្រឈមមុខនឹងសមិទ្ធផលដ៏លេចធ្លោ ដែលមានលក្ខណៈបដិវត្តន៍ក្នុងវិស័យដូចជា បញ្ញាសិប្បនិម្មិត បច្ចេកវិទ្យាកង់ទិច បច្ចេកវិទ្យាជីវសាស្រ្តនិងថាមពលស្អាតជាដើម ប្រទេសចិនកំពុងប្រែពី "អ្នកដេញតាមបច្ចេកវិទ្យា" ទៅជា" អ្នកនាំមុខនវានុវត្តន៍"។

ប្រទេសចិនបានជំរុញការអភិវឌ្ឍរួមជាសកល តាមរយៈការធ្វើកិច្ចសហប្រតិបតិ្តការឈ្នះ-ឈ្នះ ។ ខណៈពេលដែលប្រទេសមួយចំនួន បាននិងកំពុងបំផុសចរន្តបំបិទបច្ចេកវិទ្យា និងការផ្តាច់ទំនាក់ទំនងខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ប្រទេសចិនបានគំាពារពហុភាគីនិយម និងប្រព័ន្ធពាណិជ្ជកម្មសេរីសកលដោយកាន់អាកប្បកិរិយា កាន់តែមុតមាំដើម្បីអនុវត្តយ៉ាងសកម្ម នូវគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល ក៏ដូចជាពន្លឿនការជំរុញរបៀបវារៈអភិវឌ្ឍន៍ជានិរន្តរភាពឆ្នាំ ២០៣០ របស់អង្គការសហប្រជាជាតិ ។ ក្នុងរយៈពេល ៤ ឆ្នាំកន្លងទៅនេះ ប្រទេសចិនបានផ្តល់និងកៀរគរថវិកាជាង ២៣ ប៊ីលានដុល្លារអាមេរិកដើម្បីគាំទ្រដល់ការស្តារនិងអភិវឌ្ឍ នៃបណ្តាប្រទេសសកលខាងត្បូង និងធ្វើគម្រោងសហប្រតិបត្តិការជាង ១៨០០ តាមរយៈគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល ។ ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ រដ្ឋាភិបាលចិន គ្រោងនឹងបន្ថែមគម្រោង"តូចនិងល្អ"ចំនួន ២០០០ លើវិស័យការលើកកម្ពស់ជីវភាពរស់នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងវិស័យដូចជា សុខាភិបាល ការអប់រំនិងការកាត់បន្ថយភាពក្រីក្រជាដើម។

ប្រទេសចិនបានបង្ហាញឱ្យឃើញនូវទំនួលខុសត្រូវរបស់ប្រទេសធំតាមរយៈការអនុវត្តជាក់ស្តែង ។ សំណើស្តីពីផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥ បានលើកឡើងថា៖ "ត្រូវចាត់ទុកការកាត់បន្ថយបរិមាណបញ្ចេញឧស្ម័នពីផ្ទះកញ្ចក់ បន្ទាប់ពីឡើងដល់ចំណុចកំពូល និងអព្យាក្រឹត្យភាពកាបូនជាទិសដៅណែនាំ ដើម្បីសហការជំរុញការកាត់បន្ថយកាបូន ការកាត់បន្ថយការបំពុល ការពង្រីកភាពបៃតងនិងកំណើន" ។ នេះគឺជាការឆ្លើយតបយ៉ាងសកម្មចំពោះ«កិច្ចព្រមព្រៀងក្រុងប៉ារីស» ហើយក៏ជាពាក្យសន្យាដ៏ម៉ឺងម៉ាត់ ចំពោះអនាគតរួមរបស់មនុស្សជាតិទាំងមូល ។ កាលពីខែកញ្ញា ឆ្នាំ ២០២៥ លោក Xi Jinping ប្រធានរដ្ឋចិនបានប្រកាសក្នុងកិច្ចប្រជុំកំពូលស្តីពីបម្រែបម្រួលអាកាសធាតុនៃអង្គការសហប្រជាជាតិថា "ដល់ឆ្នាំ ២០៣៥ ក្នុងក្របខណ្ឌសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរបស់ចិន បរិមាណបញ្ចេញឧស្ម័នពីផ្ទះកញ្ចក់សុទ្ធនឹងធ្លាក់ចុះពី ៧ ដល់ ១០ ភាគរយបើប្រៀបធៀបនឹងកម្រិតកំពូល ហើយខំប្រឹងធ្វើឱ្យបានកាន់តែល្អ" ។ល។

ចាប់ពីបានប្រកាសគោលដៅស្តីពីការកាត់បន្ថយបរិមាណបញ្ចេញឧស្ម័នពីផ្ទះកញ្ចក់បន្ទាប់ពីឡើងដល់ចំណុចកំពូលនិងអព្យាក្រឹត្យភាពកាបូនក្នុងរយៈពេល ៥ ឆ្នាំកន្លងមក ប្រទេសចិនបានបង្កើតប្រព័ន្ធថាមពលកកើតឡើងវិញដ៏ធំបំផុត និងអភិវឌ្ឍលឿនបំផុតនៅលើពិភពលោក បានបង្កើតខ្សែសង្វាក់ឧស្សាហកម្មថាមពលថ្មីដ៏ធំបំផុត និងពេញលេញបំផុតនៅលើពិភពលោក ។ ព្រមពេលជាមួយគ្នានេះ ចិនគាំទ្រយ៉ាងសកម្មដល់សហគមន៍អន្តរជាតិ ក្នុងការសម្រេចបាននូវការធ្វើបរិវត្តកម្មបៃតង ។ យោងតាមស្ថិតិឱ្យដឹងថា ចាប់តាំងពីឆ្នាំ ២០១៦ មក ប្រទេសចិនបានផ្តល់និងកៀរគរថវិកាជាង ១៧៧ ពាន់លានយាន់ប្រាក់ចិនដើម្បីគាំទ្រយ៉ាងខ្លាំងដល់ ប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀត ក្នុងការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ ។ បច្ចុប្បន្ននេះ ប្រទេសចិនបានដំណើរការ គម្រោងសហប្រតិបត្តិការខាងថាមពលបៃតងជាមួយប្រទេសនិងតំបន់ជាង ១០០ ។

អំឡុងពេលអនុវត្តផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥ គឺជាដំណាក់កាលគន្លឹះដើម្បីសម្រេចបាន នូវសង្គមនិយមទំនើបជាមូលដ្ឋាន ។ សម្លឹងមើលទៅរយៈពេល ៥ ឆ្នាំខាងមុខ ការអភិវឌ្ឍរបស់ប្រទេសចិននឹងផ្តល់ការគាំទ្រដល់ការវិវឌ្ឍរីកចម្រើន រួមជាមួយពិភពលោកតាមរយៈគុណភាពកាន់តែខ្ពស់ ស្រទាប់កាន់តែស៊ីជម្រៅ និងវិស័យកាន់តែទូលំទូលាយ ។ ការធ្វើទំនើបកម្មតាមបែបផែនចិន មិនមែនជាផ្លូវដើរតែម្នាក់ឯងនោះទេ តែជាផ្លូវដ៏ភ្លឺស្វាងដែលឆ្ពោះទៅរកការរួមគ្នាចែករំលែក កាលានុវត្តភាពនិងស្វែងរកការអភិវឌ្ឍ នាពេលអនាគតជាមួយពិភពលោក៕

វិទ្យុមិត្តភាពកម្ពុជាចិន