នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim កោតសរសើរភាពចាស់ទុំរបស់កម្ពុជា ដែលបន្តជ្រើសយកជំហានសន្តិភាព

14-11-2025 17:52

(គូឡាឡាំពួ)៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានកោតសរសើរវិធីសាស្ត្រប្រកបដោយភាពចាស់ទុំរបស់កម្ពុជា ដែលបានបន្តជ្រើសរើសយកជំហានសន្តិភាព និងផ្ដល់អាទិភាពដល់ដំណោះស្រាយតាមរយៈ ការប្រឹក្សាយោបល់ និងកិច្ចសន្ទនា។

លោក Anwar Ibrahim ដែលជាប្រធានអាស៊ានផងនោះ ធ្វើការកត់សម្គាល់បែបនេះក្នុងការបង្ហោះមួយលើទំព័រ Facebook របស់លោកនៅថ្ងៃសុក្រ ទី១៤ ខែវិច្ឆិកានេះ ជាមួយការគូសបញ្ជាក់ពីកិច្ចសន្ទនាតាមទូរស័ព្ទ របស់លោកជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ស្ដីពីស្ថានការណ៍វិវត្តន៍ចុងក្រោយបំផុតពាក់ព័ន្ធនឹងបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ។ លោកបានបន្ថែមថាម៉ាឡេស៊ីគាំទ្រយ៉ាងពេញទំហឹងដល់គោលជំហររបស់ កម្ពុជាក្នុងការប្រើប្រាស់បណ្ដាញជាច្រើនដែលត្រូវបានឯកភាពគ្នាកន្លងមក ក៏ដូចជាគាំទ្រដល់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួដែលត្រូវបានចុះហត្ថលេខាដោយភាគីទាំង២កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយមាន ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំធ្វើជាសាក្សី។

បើតាមលោក Anwar ក្នុងនាមជាប្រទេសមួយដែលប្ដេជ្ញាចិត្តចំពោះសន្តិភាពតំបន់ ម៉ាឡេស៊ីនឹងបន្តដើរតួនាទីរបស់ខ្លួនក្នុងនាមជាអ្នកសម្របសម្រួលប្រកបដោយុត្តិធម៌ និងការទទួលខុសត្រូវ ជាពិសេសក្នុងការជួយដល់ប្រទេស ជិតខាងទាំង២ សម្រេចបាននូវដំណោះស្រាយយូរអង្វែង និងចូលរួមចំណែកដល់ការពង្រឹងស្ថិរភាពក្នុងតំបន់៕