រុស្ស៊ី បើកការវាយប្រហារទ្រង់ទ្រាយធំដោយដ្រូន និងមីស៊ីលលើទីក្រុងកៀវ, សម្លាប់មនុស្ស៤នាក់ និងរាប់សិបនាក់ទៀតរងរបួស (Video inside)
14-11-2025 19:48
(កៀវ)៖ រុស្ស៊ីបានបើកការវាយប្រហារទ្រង់ទ្រាយធំដោយដ្រូន និងមីស៊ីលមកលើរដ្ឋធានីកៀវ កាលពីព្រឹកព្រលឹមថ្ងៃសុក្រ ដែលបានសម្លាប់មនុស្សចំនួន ៤នាក់ និងបណ្តាលឱ្យមនុស្សរាប់សិបនាក់ផ្សេងទៀតរងរបួស នៅក្នុងការវាយប្រហារដែលផ្តោតលើហេដ្ឋារចនាសម្ព័ន្ធថាមពល អគារផ្ទះល្វែង និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ដោយផ្អែកលើការបញ្ជាក់ពីមន្ត្រីអ៊ុយក្រែន។
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានឱ្យដឹងថា កងកម្លាំងរុស្ស៊ីបានប្រើប្រាស់ដ្រូនចំនួន ៤៣០គ្រឿង និងមីស៊ីល ១៨គ្រាប់ ដែលធ្វើឱ្យការវាយប្រហារនេះក្លាយជាការវាយប្រហារដ៏ធំបំផុតមួយមកលើរដ្ឋធានី។ លោក ហ្សេលេនស្គី បានបន្ថែមថា បំណែកនៃមីស៊ីល Iskander មួយគ្រាប់ក៏បានធ្លាក់ត្រូវស្ថានទូតអាស៊ែបៃហ្សង់ផងដែរ។
ថ្វីបើអ៊ុយក្រែនអាចបាញ់ទម្លាក់ដ្រូន និងមីស៊ីលភាគច្រើនមែន ប៉ុន្តែបំណែករបស់វាបានធ្លាក់មកវិញ បង្កជាអគ្គិភ័យ និងការខូចខាតជាច្រើន។ អគារផ្ទះល្វែង សាលារៀន និងមន្ទីរពេទ្យជាច្រើនកន្លែងត្រូវបានប៉ះពាល់ បណ្តាលឱ្យមនុស្សយ៉ាងតិច ២៩នាក់រងរបួស។ ប្រព័ន្ធភ្លើង និងប្រព័ន្ធកម្តៅនៅតាមតំបន់មួយចំនួនក៏ត្រូវបានកាត់ផ្តាច់ផងដែរ។
គួរបញ្ជាក់ថា លោក ហ្សេលេនស្គី បានសង្កត់ធ្ងន់ថា អ៊ុយក្រែនកំពុងឆ្លើយតបទៅនឹងការវាយប្រហារទាំងនេះ តាមរយៈការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់ខ្លួនវិញ ហើយបានជំរុញឱ្យសម្ព័ន្ធមិត្តបង្កើនទណ្ឌកម្មលើរុស្ស៊ី។ នាពេលថ្មីៗនេះ ទីក្រុងកៀវបានបង្កើនការវាយប្រហារដោយដ្រូនចូលជ្រៅទៅក្នុងទឹកដីរុស្ស៊ី ដោយមានគោលដៅលើរោងចក្រចម្រាញ់ប្រេង និងឃ្លាំងស្តុកដើម្បីកាត់ផ្តាច់ប្រភពហិរញ្ញវត្ថុដ៏ធំបំផុតរបស់ទីក្រុងមូស្គូសម្រាប់សង្គ្រាម។ ប្រភពឧស្សាហកម្មចំនួនពីរបានប្រាប់ Reuters ថា កំពង់ផែ Novorossiysk របស់រុស្ស៊ីនៅសមុទ្រខ្មៅ បានផ្អាកការនាំចេញប្រេងកាលពីថ្ងៃសុក្រ បន្ទាប់ពីមានការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែន៕






