អាស៊ែបៃហ្សង់ កោះហៅឯកអគ្គរដ្ឋទូតរុស្ស៊ីមកតវ៉ា ក្រោយស្ថានទូតរបស់ខ្លួននៅទីក្រុងកៀវរងការខូចខាតដោយមីស៊ីលរបស់រុស្ស៊ី (Video inside)
14-11-2025 21:19
(បាគូ)៖ ក្រសួងការបរទេសអាស៊ែបៃហ្សង់ នៅថ្ងៃសុក្រនេះ បានកោះហៅឯកអគ្គរដ្ឋទូតរុស្ស៊ី លោក មីខាអ៊ីល យេវដូគីម៉ូវ (Mikhail Yevdokimov) ដើម្បីដាក់កំណត់ទូតតវ៉ាយ៉ាងខ្លាំងក្លា បន្ទាប់ពីមីស៊ីល Iskander របស់រុស្ស៊ីមួយគ្រាប់ បានបង្កការខូចខាតដល់ស្ថានទូតរបស់ខ្លួននៅទីក្រុងកៀវ ប្រទេសអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងបានបញ្ជាក់ថា ការផ្ទុះពីមីស៊ីលនេះ បានបំផ្លាញផ្នែកមួយនៃរបងជុំវិញស្ថានទូត និងបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់បរិវេណបេសកកម្មការទូត។ ជាសំណាងល្អ មិនមាននរណាម្នាក់រងរបួសនៅក្នុងហេតុការណ៍នេះទេ។
ក្រសួងការបរទេសអាស៊ែបៃហ្សង់បានបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើង ក្នុងអំឡុងពេលដែលរុស្ស៊ីកំពុងបើកការវាយប្រហារដោយមីស៊ីល និងដ្រូនទ្រង់ទ្រាយធំមកលើរដ្ឋធានីរបស់អ៊ុយក្រែន។
គួរបញ្ជាក់ថា ការវាយប្រហារទ្រង់ទ្រាយធំរបស់រុស្ស៊ីមកលើក្រុងកៀវកាលពីព្រឹកថ្ងៃសុក្រ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤នាក់ និងបណ្តាលឱ្យមនុស្សរាប់សិបនាក់ផ្សេងទៀតរងរបួស។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក៏បានបញ្ជាក់ផងដែរនៅក្នុងសេចក្តីថ្លែងការណ៍របស់លោកថា ស្ថានទូតអាស៊ែបៃហ្សង់ គឺជាគោលដៅមួយដែលរងការខូចខាតដោយបំណែកមីស៊ីល៕




