សហភាពអឺរ៉ុប គ្រោងបង្វឹកប៉ូលិសប៉ាឡេស្ទីន ៣,០០០នាក់ សម្រាប់តំបន់ហ្គាហ្សា (Video inside)
14-11-2025 22:35
(ព្រុចសែល)៖ សហភាពអឺរ៉ុប (EU) កំពុងពិចារណាលើផែនការថ្មីមួយ គឺដឹកនាំការបណ្តុះបណ្តាលប៉ូលិសប៉ាឡេស្ទីនចំនួន ៣,០០០នាក់ ក្នុងគោលបំណងត្រៀមដាក់ពង្រាយពួកគេនៅតំបន់ហ្គាហ្សានាពេលអនាគត។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
គម្រោងនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីគាំទ្រផែនការសន្តិភាពដែលស្នើឡើងដោយសហរដ្ឋអាមេរិក។
យោងតាមឯកសារផ្ទៃក្នុង គំនិតនេះគឺដើម្បីពង្រីកបេសកកម្មគាំទ្រប៉ូលិសរបស់ EU ដែលមានស្រាប់ ដោយចាប់ផ្តើមបង្វឹកប៉ូលិសចំនួន ៣,០០០នាក់មុនគេ ក្នុងចំណោមកងកម្លាំងសរុប ១៣,០០០នាក់។ ក្រៅពីនេះ EU ក៏អាចនឹងពង្រីកបេសកកម្មត្រួតពិនិត្យនៅច្រកព្រំដែន Rafah ផងដែរ។
ទោះជាយ៉ាងណា ផែនការនេះនៅមិនទាន់មានភាពច្បាស់លាស់នៅឡើយទេ ព្រោះការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទាំងមូលរវាងអ៊ីស្រាអែល និងហាម៉ាស នៅតែមានភាពមិនប្រាកដប្រជាខ្ពស់។ លើសពីនេះ រុស្ស៊ីក៏កំពុងជំទាស់នឹងផែនការសន្តិភាពដែលដឹកនាំដោយសហរដ្ឋអាមេរិកនៅឯអង្គការសហប្រជាជាតិផងដែរ ដែលធ្វើឱ្យស្ថានការណ៍កាន់តែស្មុគស្មាញ៕




