លោក ដូណាល់ ត្រាំ នឹងប្ដឹងទារសំណង ៥ពាន់លានដុល្លារពី BBC ពាក់ព័ន្ធនឹងការកាត់តវីដេអូ (Video inside)

15-11-2025 09:43

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រ ទី១៤ ខែវិច្ឆិកា បាននិយាយថាលោកនឹងប្ដឹងទារសំណងដល់ទៅ ៥ពាន់លានដុល្លារពីសារព័ត៌មាន BBC បន្ទាប់ពី ប្រព័ន្ធផ្សព្វផ្សាយរបស់ចក្រអង់គ្លេសមួយនេះបានសូមទោសចំពោះកំហុសពាក់ព័ន្ធនឹងកាត់តវីដេអូមួយនៃសុន្ទរករបស់លោកដែលបង្កឱ្យមានការយល់ច្រឡំ ប៉ុន្តែបាននិយាយថានឹងមិនបង់សំណង សងជំងឺចិត្តនោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅលើយន្ដហោះ Air Force One លោក ដូណាល់ ត្រាំ បានលើកឡើងថា «យើងនឹងប្ដឹងពួកគេ (BBC) ទារសំណងចន្លោះពី១ពាន់លាន ដល់៥ពាន់លានដុល្លារ ហើយអាចនឹងប្ដឹងនៅសប្ដាហ៍ក្រោយ។ ខ្ញុំគិតថាខ្ញុំត្រូវតែធ្វើរឿងនេះ។ ពួកគេបានទទួលស្គាល់ថាពួកគេបានក្លែងបន្លំ»

គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ក្រុមមេធាវីរបស់លោក ត្រាំ បានផ្ញើលិខិតមួយទៅកាន់ BBC ដោយចោទប្រព័ន្ធផ្សព្វផ្សាយមួយនេះថាបានបរិហាកេរ្តិ៍លោកប្រធានាធិបតី ត្រាំ តាមរយៈ ការកាត់តវីដេអូនៃសុន្ទរកថាមួយរបស់លោក នៅមុនកើតមានព្រឹត្តិការណ៍កុបកម្មប្រឆាំងវិមានសភាអាមេរិកកាលពីឆ្នាំ២០២១ និងទុកពេលឱ្យ BBC រហូតដល់ថ្ងៃសុក្រម្សិលមិញដើម្បីសូមទោស និងសងជំងឺចិត្ត។ BBC ក្នុងថ្ងៃចន្ទដដែលនោះបានសូមទោសចំពោះវីដេអូឯកសារដែលត្រូវបានចាក់ផ្សាយកាលពីឆ្នាំមុនដែលថាលោក ត្រាំង បានញុះញង់ដោយផ្ទាល់ឱ្យក្រុមអ្នកគាំទ្ររបស់លោក ប្រព្រឹត្តអំពើហិង្សា នៅមុនក្រុមអ្នកគាំទ្ររបស់លោកចូលអុកឡុកវិមានសភាអាមេរិក កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។

ក្រោយរឿងអាស្រូវនេះផ្ទុះឡើង អគ្គនាយក និងនាយប្រតិបត្តិព័ត៌មានរបស់ BBC បានសម្រេចចិត្តលាលែងចេញពីតំណែង ហើយកាលពីថ្ងៃព្រហស្បតិ៍ ប្រធានក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ BBC លោក Samir Shah បានផ្ញើលិខិតមួយជូនលោក ត្រាំ ដើម្បីបញ្ជាក់ប្រាប់ថារូបលោក និង BBC ពិតជាសូមទោសសម្រាប់ការកាត់តវីដេអូនៃសុន្ទរកថារបស់ប្រធានាធិបតីអាមេរិក។ ប៉ុន្តែបាននិយាយថា វាមិនមានមូលដ្ឋានសម្រាប់ការប្ដឹងពីបទបរិហាកេរ្តិ៍ប្រឆាំងនឹង BBC នោះទេ៕