ចិនព្រមានឱ្យពលរដ្ឋរបស់ខ្លួនចៀសវាងធ្វើដំណើរទៅជប៉ុន ខណៈជម្លោះការទូតកាន់តែឡើងកម្ដៅ (Video inside)

15-11-2025 10:41

(ប៉េកាំង)៖ ចិន បានចេញសេចក្ដីណែនាំឱ្យពលរដ្ឋរបស់ខ្លួនចៀសវាងការធ្វើដំណើរទៅកាន់ប្រទេសជប៉ុន ខណៈជម្លោះការទូតរវាងប្រទេសទាំង២កាន់តែឡើងកម្ដៅពាក់ព័ន្ធនឹងការអត្ថាធិប្បាយរបស់ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi អំពីការព្យាករពីការវាយប្រហារណាមួយរបស់ចិនលើតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ការអត្ថាធិប្បាយរបស់នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi កាលពីថ្ងៃទី៧ ខែវិច្ឆិកា ត្រូវបានបកស្រាយយ៉ាងទូលំទូលាយថាការវាយប្រហារណាមួយរបស់ចិនលើកោះតៃវ៉ាន់ដែលស្ថិតនៅ ចម្ងាយតែជាង ១០០គីឡូម៉ែត្រពីទឹកដីជប៉ុនអាចនឹងតម្រូវឱ្យមានការធ្វើអន្តរាគមន៍យោធាពីទីក្រុងតូក្យូ។ កាលពីថ្ងៃសុក្រ ទី១៤ ខែវិច្ឆិកា ចិនបាននិយាយថាខ្លួនបានកោះហៅឯកអគ្គរដ្ឋទូតជប៉ុនប្រចាំ ប្រទេសចិន ដើម្បីសម្ដែងការតវ៉ា។ រីឯតូក្យូក៏បានឱ្យដឹងដែរថាខ្លួនបានកោះហៅឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសជប៉ុន ដើម្បីសម្ដែងការតវ៉ាចំពោះការអត្ថាធិប្បាយសម្លុតគំរាមរបស់អគ្គកុងស៊ុលចិន ប្រឆាំងនឹងលោកស្រី Takaichi។

ជប៉ុនបានអះអាងថាគោលជំហររបស់ខ្លួនចំពោះតៃវ៉ាន់មិនមានការប្រែប្រួលនោះទេ។ យ៉ាងណាក៏ដោយ ក្នុងការបង្ហោះមួយលើអនឡាញកាលពីល្ងាចថ្ងៃសុក្រ (ម៉ោងនៅប៉េកាំង) ស្ថានទូតចិនប្រចាំជប៉ុន បានព្រមានពលរដ្ឋរបស់ខ្លួនចៀសវាងការធ្វើដំណើរទៅកាន់ប្រទេសជប៉ុន។ «កាលពីពេលថ្មីៗនេះ មេដឹកនាំជប៉ុនបានធ្វើការអត្ថាធិប្បាយដ៏បង្ករឿងមួយពាក់ព័ន្ធនឹងតៃវ៉ាន់ដែលធ្វើឱ្យខូចធ្ងន់ធ្ងរដល់ បរិយាកាសនៃការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន»។ នេះជាការបញ្ជាក់របស់ស្ថានទូតចិនប្រចាំប្រទេសជប៉ុន ដោយបន្ថែមថាស្ថានភាពសព្វថ្ងៃមានហានិភ័យដល់សុវត្ថិភាពផ្ទាល់ខ្លួន និងការរស់នៅ របស់ពលរដ្ឋចិននៅជប៉ុន។

គួរបញ្ជាក់ថា ចិនបានចាត់ទុកតៃវ៉ាន់ជាខេត្តមួយរបស់ខ្លួន ហើយបានអះអាងជារឿយៗថានឹងប្រើប្រាស់កម្លាំងយោធាដើម្បីបង្រួបបង្រួមជាមួយតៃវ៉ាន់ ក្នុងករណីចាំបាច់៕