លោក ត្រាំ បញ្ជាក់ថាលោកកំពុងពិចារណាលើការលក់ F-35 ទៅឱ្យអារ៉ាប៊ីសាអូឌីត (Video inside)

15-11-2025 11:57

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃសុក្រ ទី១៤ ខែវិច្ឆិកាថារូបលោកកំពុងពិចារណាលើការលក់យន្ដហោះចម្បាំងបំបាំងកាយ F-35 ដែលផលិតដោយក្រុមហ៊ុន Lockheed Martin ទៅឱ្យអារ៉ាប៊ីសាអូឌីត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការលើកឡើងបែបនេះរបស់លោក ត្រាំ ធ្វើឡើងប្រាប់ក្រុមអ្នកសារព័ត៌មាននៅលើយន្ដហោះ Air Force One និងមុនពេលរូបលោកត្រូវក្រាលព្រំក្រហមទទួលស្វាគមន៍ព្រះអង្គម្ចាស់រជ្ជទាយាទអារ៉ាប៊ីសាអូឌីត មហាំម៉ាត់ ប៊ីនសាល់ម៉ា នៅឯសេតវិមាននាសប្ដាហ៍ក្រោយ។ លោក ត្រាំ​ បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំកំពុងពិចារណា ហើយពួកគេបានស្នើឱ្យខ្ញុំពិចារណា។ ពួកគេចង់ទិញ F-35 ជាច្រើនគ្រឿង...»

នៅពេលត្រូវបានសាកសួរអំពីកិច្ចចរចា លោក ត្រាំ បានប្រាប់ក្រុមអ្នកសារព័ត៌មានទៀតថាវាមិនត្រឹមតែជាជំនួបមួយប៉ុណ្ណោះទេ តែវាក៏ជាការផ្ដល់កិត្តិយសដល់អារ៉ាប៊ីសាអូឌីតផងដែរ។ លោក ត្រាំធ្លាប់បានបង្ហាញ ក្ដីសង្ឃឹមម្ដងហើយម្ដងទៀតថាអារ៉ាប៊ីសាអូឌីតក្នុងពេលឆាប់ៗ អាចនឹងចូលរួមក្នុងកិច្ចព្រមព្រៀង Abraham Accords ជាកិច្ចព្រមព្រៀងសន្តិភាពមួយដែលមានបំណងនាំបណ្ដាប្រទេសអារ៉ាប់ និងមូស្លីម ភ្ជាប់ ទំនាក់ទំនងជាប្រក្រតីជាមួយអ៉ីស្រាអែល។ តែទីក្រុងរីយ៉ាដបានបដិសេធជានិច្ចជាមួយការដាក់លក្ខខណ្ឌថាការភ្ជាប់ទំនាក់ទំនងជាមួយអ៉ីស្រាអែលអាចទៅបាន លុះត្រាតែរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយត្រូវបានបង្កើត ឡើង។

គួរបញ្ជាក់ថា កាសែតអាមេរិក New York Times កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានរាយការណ៍ថារបាយការណ៍ស៊ើបការណ៍សម្ងាត់មួយរបស់មន្ទីរបញ្ចកោណបានលើកឡើងពីការព្រួយបារម្ភចំពោះ ការលក់យន្ដហោះចម្បាំង F-35 ទៅឱ្យអារ៉ាប៊ីសាអូឌីត ជាមួយការព្រមានថាចិនអាចនឹងទទួលបានបច្ចេកវិទ្យានៃយន្ដហោះចម្បាំងដ៏ទំនើបមួយនេះ ប្រសិនបើអាមេរិកពិតជាអនុម័តការលក់៕