ក្រុមប្រឹក្សាសន្តិសុខ UN នឹងបោះឆ្នោតលើ «ផែនការហ្កាហ្សា» របស់លោក ត្រាំ នៅដើមសប្ដាហ៍ក្រោយ (Video inside)

15-11-2025 15:48

(យូអិន)៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហ​ប្រជាជាតិ នឹងធ្វើការបោះឆ្នោតនៅថ្ងៃចន្ទ ទី១៧ ខែវិច្ឆិកា លើដំណោះស្រាយមួយស្ដីពីផែនការសន្តិភាពហ្កាហ្សារបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

កាលពីសប្ដាហ៍មុន សហរដ្ឋអាមេរិកបានបើកកិច្ចចរចាជាផ្លូវការនៅក្នុងក្រុមប្រឹក្សាសន្តិសុខមានជាសមាជិក ១៥ប្រទេស លើដំណោះស្រាយមួយដែលនឹងតាមដានបទឈប់បាញ់នៅក្នុងសង្រ្គាម អូសបន្លាយពេលជាង ២ឆ្នាំរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស ក៏ដូចជាផែនការហ្កាហ្សារបស់លោក ត្រាំ។ សេចក្ដីព្រាងដំណោះស្រាយដែលទីភ្នាក់ងារសារព័ត៌មាន AFP បានឃើញ បានស្វាគមន៍ ការបង្កើត «ក្រុមប្រឹក្សាសន្តិភាព» ជាស្ថាប័នគ្រប់គ្រងបណ្ដោះអាសន្នមួយលើតំបន់ហ្កាហ្សា ដែលលោក ត្រាំត្រូវបានគេរំពឹងថានឹងធ្វើជាប្រធានមានអាណត្តិរហូតដល់ដំណាច់ឆ្នាំ២០២៧។

ដំណោះស្រាយនេះក៏នឹងអនុញ្ញាតផងដែរឱ្យបណ្ដារដ្ឋជាសមាជិកបង្កើតកងកម្លាំងបណ្ដោះអាសន្នរក្សាស្ថិរភាពអន្តរជាតិ ISF ដែលនឹងធ្វើការជាមួយអ៉ីស្រាអែល រួមទាំងអេហ្ស៉ីប និងប៉ូលិសប៉ាឡេស្ទីន ដែលទទួលបានការបណ្ដុះបណ្ដាលពីលោកខាងលិច ក្នុងការធានាសុវត្ថិភាពតំបន់ព្រំដែន និងរំសាយយោធាក្នុងតំបន់ហ្កាហ្សា។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងប្រទេសអារ៉ាប់ជាច្រើន រួមទាំងបណ្ដាប្រទេសមូស្លីមភាគច្រើន ដូចជាអេហ្ស៉ីប អារ៉ាប៊ីសាអូឌីត និងតួកគី កាលពីថ្ងៃសុក្រ ទី១៤ ខែវិច្ឆិកា បានអំពាវនាវឱ្យ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអនុម័តលើដំណោះស្រាយព្រាងដោយសហរដ្ឋអាមេរិកឱ្យបានឆាប់រហ័ស៕