ការផ្ទុះនៅប៉ុស្តប៉ូលិសឥណ្ឌា ក្នុងតំបន់ Kashmir ផ្តាច់ជីវិតមនុស្ស ៩នាក់ និងរបួស ២៧នាក់ (Video inside)

15-11-2025 18:56

(SRINAGAR)៖ មេប៉ូលិសក្នុងតំបន់ បាននិយាយនៅថ្ងៃសៅរ៍ ទី១៥ ខែវិច្ឆិកានេះថា មនុស្សយ៉ាងហោចណាស់ ៩នាក់បានស្លាប់ និង ២៧នាក់រងរបួស នៅពេលដែលគំនរគ្រឿងផ្ទុះដែលរឹបអូសបាន បានផ្ទុះឡើងនៅក្នុងប៉ុស្តិ៍ប៉ូលិសតំបន់ Kashmir ប្រទេសឥណ្ឌា។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Nalin Prabhat មេប៉ូលិសតំបន់សហព័ន្ធ Jammu និង Kashmir បានប្រាប់សន្និសីទសារព័ត៌មានថា អ្នកស្លាប់រួមមានប៉ូលិស មន្ត្រីរដ្ឋាភិបាល និងបុគ្គលិកកោសល្យវិច្ច័យដែលកំពុងពិនិត្យសារធាតុគីមី និងគ្រឿងផ្ទុះនៅពេលនោះ រីឯមូលហេតុនៃការផ្ទុះកាលពីល្ងាចថ្ងៃសុក្រ និងទំហំខូចខាតកំពុងត្រូវបានស៊ើបអង្កេត។ លោក Prabhat បញ្ជាក់ថាឧប្បត្តិហេតុនេះមិនពាក់ព័ន្ធនឹងក្រុម សកម្មប្រយុទ្ធឡេីយ។

គួរបញ្ជាក់ថា ការផ្ទុះបានកើតឡើង ៤ ថ្ងៃបន្ទាប់ពីការបំផ្ទុះរថយន្តដ៏សាហាវនៅរដ្ឋធានីញូវដែលីរបស់ប្រទេសឥណ្ឌា ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៨នាក់ នៅក្នុងអ្វីដែលរដ្ឋាភិបាលហៅថាជាឧប្បត្តិហេតុភេរវកម្ម៕