អ៉ីរ៉ង់ ចាប់កប៉ាល់ដឹកប្រេង​ ជាមួយទំនិញគីមីឥន្ធនៈ នៅឈូងសមុទ្រ Gulf (Video inside)

15-11-2025 22:27

(តេហេរ៉ង់)៖ តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋនាថ្ងៃសៅរ៍ ទី១៥ ខែវិច្ឆិកា ប្រទេសអ៉ីរ៉ង់ទទួលស្គាល់ថា កម្លាំងឆ្មាំបដិវត្តន៍ពិតជាបានរឹបអូសកប៉ាល់ដឹកប្រេងមួងគ្រឿងនៅក្នុងដែនទឹកនៃឈូងសមុទ្រ Gulf ដែលដឹកទំនិញគីមីឥន្ធនៈ ឆ្ពោះទៅប្រទេសសិង្ហបុរី ដោយលេីកឡេីងអំពីការបំពានច្បាប់។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

មន្ត្រីអាមេរិក និងសន្តិសុខដែនសមុទ្របាននិយាយកាលពីថ្ងៃសុក្រថា កងកម្លាំងអ៉ីរ៉ង់បានស្ទាក់ចាប់កប៉ាល់ដឹកប្រេងហេីយបង្វែរវាចូលទៅក្នុងដែនទឹកអ៉ីរ៉ង់។ ទូរទស្សន៍រដ្ឋអ៉ីរ៉ង់បានអានសេចក្តីថ្លែងការណ៍មួយពីអង្គភាពឆ្មាំបដិវត្តន៍ (IRGC) ដោយបញ្ជាក់ថាកប៉ាល់ដឹកប្រេងបានដឹកទំនិញគ្មានការអនុញ្ញាត។

សន្តិសុខដែនសមុទ្រនិយាយថា កប៉ាល់ដឹកប្រេងដែលមានទង់ជាតិកោះ Marshall ឈ្មោះ Talara បានធ្វើដំណើរចេញពីឆ្នេរសមុទ្ររបស់អេមីរ៉ាត់អារ៉ាប់រួម ដឹកប្រេងសាំងឆ្លងកាត់មហាសមុទ្រឥណ្ឌា ក្នុងដំណើរឆ្ពោះទៅសិង្ហបុរីពីទីក្រុង Sharjah របស់អេមីរ៉ាត់អារ៉ាប់រួម។ កប៉ាល់នេះគ្រប់គ្រងដោយក្រុមហ៊ុន Pasha Finance មានមូលដ្ឋាននៅប្រទេសស៉ីប។

តាមអ្នកគ្រប់គ្រងក្រុមហ៊ុនដឹកជញ្ជូនផ្លូវសមុទ្រ Columbia Shipmanagement ខ្លួនបានបាត់បង់ការទាក់ទងជាមួយកប៉ាល់ Talara នៅព្រឹកថ្ងៃសុក្រ ចម្ងាយប្រហែល ៣៧គីឡូម៉ែត្រពីឆ្នេរសមុទ្រ Khor Fakkan ប្រទេសអេមីរ៉ាត់អារ៉ាប់រួម។ ក្រុមហ៊ុនកំពុងធ្វេីការយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធ។

គួរបញ្ជាក់ថា នេះជាសេចក្តីរាយការណ៍ដំបូងអំពីការរឹបអូសកប៉ាល់ដឹកប្រេងដោយទីក្រុងតេហេរ៉ង់ ចាប់តាំងពីការវាយប្រហាររបស់អ៉ីស្រាអែល និងអាមេរិកលេីអ៉ីរ៉ង់កាលពីខែមិថុនា៕