នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ស្វាគមន៍ឆន្ទៈ និងការធានារបស់កម្ពុជា ក៏ដូចជាថៃ ក្នុងការបន្តជ្រើសរើសយកកិច្ចសន្ទនា និងកិច្ចប្រឹងប្រែងការទូត (Video inside)
16-11-2025 00:52
(គូឡាឡាំពួ)៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានបង្ហាញការស្វាគមន៍ចំពោះឆន្ទៈ និងការធានារបស់កម្ពុជា ក៏ដូចជាថៃ ក្នុងការបន្តជ្រើសរើសយកកិច្ចសន្ទនា និងកិច្ចប្រឹងប្រែងការទូត ឆ្ពោះទៅរក ការធានាឱ្យបាននូវការអនុវត្តយ៉ាងពេញលេញនិងយ៉ាងមានប្រសិទ្ធភាពតាមកិច្ចព្រមព្រៀងសន្តិភាព ព្រមទាំងស្ដារឡើងវិញនូវសន្តិភាព សន្តិសុខ និងស្ថិរភាពនៅតាមតំបន់ព្រំដែន។
ក្នុងការបង្ហោះមួយលើទំព័រ Facebook របស់លោក នៅថ្ងៃសៅរ៍ ទី១៥ ខែវិច្ឆិកា លោក Anwar បន្តទៀតថាលោកផ្ទាល់សូមកោតសរសេរដល់តួនាទីប្រកប ដោយការទទួលខុសត្រូវរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅក្នុងការលើកកម្ពស់ដំណោះស្រាយសន្តិវិធីដើម្បីដោះស្រាយស្ថានការណ៍បច្ចុប្បន្ន។ «ខ្ញុំសូមស្វាគន៍ការប្ដេជ្ញាចិត្តរបស់កម្ពុជា និងថៃ ដើម្បីធានាការដកអាវុធ និងបរិក្ខារយោធាធុនធ្ងន់ ព្រមទាំងសម្របសម្រួល និងអនុវត្តកិច្ចការមនុស្សធម៌ដោះមីន នៅតំបន់ព្រំដែន»។ នេះជាការគូសបញ្ជាក់របស់លោក Anwar។
គួរបញ្ជាក់ថា បើតាមលោក Anwar លោកផ្ទាល់ក៏ស្វាគមន៍ផងដែរការធានាពីនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul ក្នុងការបញ្ចៀសរាល់ការធ្វើសកម្មភាពដែលមានទម្រង់បង្កហេតុ និងចាត់វិធានការសកម្មភាពដើម្បីលើកកម្ពស់ទំនុកចិត្ត និងការជឿទុកចិត្តគ្នាទៅវិញទៅមក ឆ្ពោះទៅរកការជំរុញការស្ដារឡើងវិញនូវទំនាក់ទំនងទ្វេភាគីប្រកប ដោយផលិតភាពរវាងប្រទេសទាំង២៕




