បេសកជនប្រចាំទ្វីបអាហ្រ្វិករបស់ប្រធានាធិបតី ត្រាំ ហៅសង្រ្គាមស៊ូដង់ ថាជាវិបត្តិមនុស្សធម៌ដ៏ធំបំផុតរបស់ពិភពលោក (Video inside)

16-11-2025 10:46

(អាហ្រ្វិក)៖ បេសកជនទទួលបន្ទុកកិច្ចការទ្វីបអាហ្រ្វិក របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គឺលោក Massad Boulos កាលពីថ្ងៃសៅរ៍ ទី១៥ ខែវិច្ឆិកា បាននិយាយថា សង្រ្គាមនៅប្រទេសស៊ូដង់ គឺជាវិបត្តិមនុស្សធម៌ដ៏ធំបំផុតរបស់ពិភពលោក នាពេលនេះ ហើយលោកសង្ឃឹមថា នឹងអាចមើលឃើញមានវឌ្ឍនភាពផ្នែកការទូត ដើម្បីឆ្ពោះទៅរកសន្តិភាព។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ចាប់តាំងពីផ្ទុះឡើងកាលពីខែមេសា ឆ្នាំ២០២៣មក សង្រ្គាមរវាងយោធាស៊ូដង់ និងកងកម្លាំងទាហានប៉ារ៉ា RSF បានសម្លាប់មនុស្សរាប់ម៉ឺននាក់ ហើយបង្ខំឱ្យប្រមាណជិត១២លាននាក់ ត្រូវព្រាត់ប្រាសពីផ្ទះសម្បែង។ កាលពីចុងខែតុលាកន្លងទៅ កងកម្លាំងទាហានប៉ារ៉ា ដណ្តើមកាន់កាប់បានទីក្រុងសំខាន់ El-Fasher នៃតំបន់ Darfur ក្រោយខិតខំប្រឹងប្រែងវាយលុក អស់រយៈពេល១៨ខែ និងពោរពេញ​ដោយសេចក្តីរាយការណ៍ អំពីករណីសម្លាប់រង្គាលក៏ដូចជាអំពើហិង្សាផ្លូវភេទ។

គួរបញ្ជាក់ថា ទីក្រុងវ៉ាស៉ីនតោន បានទទូចឱ្យភាគីជម្លោះស៊ូដង់ ព្យាយាមស្វែងរកកិច្ចព្រមព្រៀងឈប់បាញ់ ប៉ុន្តែមកទល់ពេលនេះ ហាក់មិនទាន់មានសញ្ញាវិជ្ជមាន នៅឡើយទេ។ បើតាមលោក Boulos សហរដ្ឋអាមេរិក និងដៃគូមួយចំនួនទៀត បាននិងកំពុង​អំពាវនាវឱ្យភាគីទាំងពីរ យល់ស្របចំពោះបទឈប់បាញ់បុព្វហេតុមនុស្សធម៌មួយ ដែលមានរយៈពេល៣ខែ ដើម្បីបើកឱកាសឆ្ពោះ​ទៅរកការបញ្ឈប់ការប្រយុទ្ធគ្នាជាអចិន្រ្តៃយ៍៕