ប្រធានាធិបតីអ៊ុយក្រែន បន្តអំពាវនាវរកប្រព័ន្ធការពារដែនអាកាសបន្ថែមទៀត ក្រោយការវាយប្រហារយ៉ាងប្រល័យរបស់រុស្ស៉ី
16-11-2025 11:21
(កៀវ)៖ កាលពីថ្ងៃសៅរ៍ ទី១៥ ខែវិច្ឆិកា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអំពាវនាវសាជាថ្មី នូវការចង់បានប្រព័ន្ធការពារដែនអាកាសបន្ថែមទៀតពីសម្ព័ន្ធមិត្ត មួយថ្ងៃបន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៉ី បានផ្តាច់ជីវិតមនុស្ស៧នាក់នៅរដ្ឋធានីកៀវ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
ការអំពាវនាវថ្មីចុងក្រោយនេះរបស់លោកប្រធានាធិបតីអ៊ុយក្រែន គឺក្រោយពេលមីស៉ីលនិងដ្រូនរបស់រុស្ស៉ី បានវាយប្រហារចំអគារស្នាក់នៅមួយចំនួន ក្នុងទីក្រុងកៀវកាលពីថ្ងៃសុក្រ។ លោក ហ្សេលេនស្គី បាននិយាយយ៉ាងដូច្នេះថា «អ៊ុយក្រែនត្រូវការការគាំទ្រ ដែលជួយសង្រ្គោះអាយុជីវិត គឺប្រព័ន្ធការពារដែនអាកាសបន្ថែម សមត្ថភាពការពារខ្លួនបន្ថែម និងការប្តេជ្ញាខ្លាំងជាងមុន ពីសំណាក់ដៃគូរបស់យើង»។ បើតាមលោក ហ្សេលេនស្គី កាលពីថ្ងៃសៅរ៍ ក៏មានមនុស្ស៤នាក់ស្លាប់ផងដែរ ក្នុងការវាយប្រហាររបស់រុស្ស៉ី លើតំបន់ភាគខាងត្បូងអ៊ុយក្រែន។
គួរបញ្ជាក់ថា ចាប់តាំងពីសង្រ្គាមផ្ទុះឡើង កាលពីខែកុម្ភៈ ឆ្នាំ២០២២ ក្រៅពីទប់ទល់ការពារខ្លួន អ៊ុយក្រែនបានចាប់ផ្តើមប្រើប្រាស់មីស៉ីលនិងដ្រូន វាយប្រហារតបតវិញតាមផ្លូវអាកាសលើរុស្ស៉ី។ សង្រ្គាមរវាងប្រទេសទាំងពីរ បានបន្តអូសបន្លាយអស់រយៈពេលជិត ៤ឆ្នាំហើយ ខណៈកិច្ចប្រឹងប្រែងការទូត ដើម្បីបិទបញ្ចប់ជម្លោះ កំពុងជាប់គាំង៕










