ចិនបញ្ជូនកងនាវាឆ្មាំសមុទ្រ ល្បាតក្បែរទីប្រជុំកោះគ្រប់គ្រងដោយជប៉ុន​ ចំពោះមុខការកើនឡើងភាពតានតឹង (Video inside)

16-11-2025 11:58

(ប៉េកាំង)៖ កងឆ្មាំសមុទ្ររបស់ចិន បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា នាវាមួយក្រុមរបស់ខ្លួន បានបើកឆ្លងកាត់ដែនទឹក នៅក្បែរទីប្រជុំកោះ Senkaku គ្រប់គ្រងដោយជប៉ុន នាថ្ងៃអាទិត្យនេះ ស្របពេលដែលទីក្រុងប៉េកាំង កំពុងកើនឡើងភាពតានតឹងជាមួយទីក្រុងតូក្យូ ដោយសារតែសម្តីរបស់នាយករដ្ឋមន្រ្តីជប៉ុន អំពីតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥។

ជម្លោះការទូតរវាងចិននិងជប៉ុន បាននិងកំពុងកើនឡើងកម្តៅ ចាប់តាំងពីនាយករដ្ឋមន្រ្តីជប៉ុន លោកស្រី Sanae Takaichi បានថ្លែងប្រាប់ទៅកាន់សភាជប៉ុនកាលពីថ្ងៃទី៧ ខែវិច្ឆិកា ថាក្នុងករណីចិនបើកការវាយប្រហារលើតៃវ៉ាន់ គឺអាចនឹងនាំឱ្យមានការឆ្លើយតបយោធា​ពីសំណាក់ប្រទេសជប៉ុន។ ការអត្ថាធិប្បាយនោះ បានបង្កឱ្យទីក្រុងប៉េកាំងមិនពេញចិត្តជាខ្លាំង ហើយចង់ឱ្យលោកស្រី Takaichi ដកសម្តីវិញ។

ចិនចាត់ទុកតៃវ៉ាន់ជាផ្នែកនៃទឹកដីរបស់ខ្លួន ហើយមិនដែលបោះបង់ជម្រើសនៃការប្រើកម្លាំង ដើម្បីគ្រប់គ្រងដែនកោះនេះឡើយ។ ដោយឡែក ពាក់ព័ន្ធទីប្រជុំកោះ Senkaku ដែលទីក្រុងប៉េកាំងហៅថា Diaoyu គឺជាកន្លែងដែលជប៉ុននិងចិន បានប្រឈមមុខ​ដាក់គ្នាជាច្រើនលើក នាពេលកន្លងមក។

គួរបញ្ជាក់ថា ចំពោះមុខការកើនឡើងភាពតានតឹង ដោយសារសម្តីលោកស្រី Takaichi ទីក្រុងប៉េកាំង ក្នុងសប្តាហ៍នេះ បានកោះហៅឯកអគ្គរាជទូតជប៉ុន ជាលើកដំបូងក្នុងរយៈពេលជាង២ឆ្នាំ ហើយក្រសួងការពារជាតិចិន បានប្រកាសថា សកម្មភាពជ្រៀតជ្រែកណាមួយពីជប៉ុន មុខជានឹងទទួលបរាជ័យមិនខាន។ រីឯកាលពីថ្ងៃសុក្រ ចិនថែមទាំងបានព្រមានពលរដ្ឋរបស់ខ្លួន មិនឱ្យធ្វើដំណើរទៅប្រទេសជប៉ុន៕