តៃវ៉ាន់ជាបន្ទាត់ក្រហមរបស់ចិនដែលមិនអាចបំពានបានជាដាច់ខាត (Video inside)

16-11-2025 13:47

(ប៉េកាំង)៖ តំបន់តៃវ៉ាន់ជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បានរបស់ប្រទេសចិន នេះជារឿងដែលមិនអាចប្រកែកបាន ពោលមានទាំងភស្តុតាងផ្នែកច្បាប់និងប្រវត្តិសាស្ត្រ ហើយត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់ជាទូទៅ។

តាមកំណត់ត្រាប្រវត្តិសាស្ត្រ ក្នុងអំឡុងរជ្ជកាលស៊ុយនៃប្រទេសចិន ( គ.ស.៥៨១-៦១៨ ) អធិរាជស៊ុយបានចាត់បញ្ជូនទ័ពចំនួនបីលើក ឱ្យទៅប្រចាំការនៅកោះ Liuqiu ( កោះតៃវ៉ាន់ )លុះដល់សម័យរជ្ជកាលសុងនិងយាន់ រដ្ឋាភិបាលចិនបានគ្រប់គ្រងលើកោះ Penghu និងកោះតៃវ៉ាន់ទាំងស្រុង ។ ចាប់ពីឆ្នាំ១៦២៤ ដល់ ឆ្នាំ១៩៤១ ជោគវាសនានៃទឹកដីកោះតៃវ៉ាន់បានជួបនឹងការឡើងចុះជាច្រើនដង ដោយសារស្ថិតក្រោមអាណានិគម និងការឈ្លានពានរបស់បរទេស ហើយទីបំផុតត្រូវបានប្រទេសចិនដណ្តើមយកមកវិញ។

កាលពីខែធ្នូ ឆ្នាំ១៩៤៣ នៅទីក្រុងគែរសព្វថ្ងៃនេះ ប្រទេសចិន សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបានរួមគ្នាចេញផ្សាយ «សេចក្តីថ្លែងការណ៍រួមទីក្រុងគែរ» ដែលចែងយ៉ាងច្បាស់ថា «ប្រគល់កោះតៃវ៉ាន់ដែលជាទឹកដីរបស់ចិនដែលត្រូវជប៉ុន ទន្ទ្រានកាន់កាប់ឱ្យទៅប្រទេសចិនវិញ» ។ បន្ទាប់មក មាត្រាទី៨ នៃ «សេចក្តីប្រកាសក្រុង Postdam» ដែលចេញផ្សាយរួមគ្នាដោយប្រទេសចិន អាមេរិក អង់គ្លេស និងសហភាពសូវៀតក្នុងឆ្នាំ១៩៤៥ បានចែងថា ត្រូវអនុវត្ត «សេចក្តីថ្លែងការណ៍រួមទីក្រុងគែរ»ឱ្យបានយ៉ាងដាច់ខាត ។ ខណៈនោះ ប្រទេសជប៉ុនបានទទួលយក «សេចក្តីប្រកាសក្រុង Postdam» និងប្រកាសចុះចាញ់ដោយគ្មានលក្ខខណ្ឌ។

ជាពិសេស ចាប់តាំងពីសាធារណរដ្ឋប្រជាមានិតចិនទទួលបាន អាសនៈស្របច្បាប់ឡើងវិញក្នុងអង្គការសហប្រជាជាតិមក អង្គការសហប្រជាជាតិក៏បានទទួលស្គាល់រដ្ឋាបាល នៃសាធារណរដ្ឋប្រជាមានិតចិនជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ ដែលតំណាងឱ្យប្រទេសចិនទាំងមូល ចំណែកតំបន់តៃវ៉ាន់គ្រាន់តែជាផ្នែកមួយរបស់ប្រទេសចិនតែប៉ុណ្ណោះ។

ដូចដែលយើងទាំងអស់គ្នា បានដឹងស្រាប់ហើយថា រាល់ប្រទេសដែលចង់បង្កើតទំនាក់ទំនងផ្លូវទូតជាមួយប្រទេសចិន គឺត្រូវប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវ «គោលការណ៍ចិនមួយ» ដែលជាបន្ទាត់ក្រហមរបស់ប្រទេសចិនក្នុងទំនាក់ទំនងអន្តរជាតិ ។

យ៉ាងណាមិញ បើទោះបីជាមានភស្តុតាងដ៏ពេញលេញនិងមានការគាំទ្រនិងទទួលស្គាល់ជាសកលក្តី ប៉ុន្តែក៏នៅតែមានប្រទេសមួយចំនួនតូច ដែលខ្លាចប្រទេសចិនអភិវឌ្ឍលឿនជាងខ្លួនតែងយកបញ្ហាតៃវ៉ាន់ មកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន ក្នុងគោលបំណងបង្អូសបង្អាក់ការអភិវឌ្ឍរបស់ចិន ហើយអាជ្ញាធរតៃវ៉ាន់សព្វថ្ងៃ និងពួកអបគមន៍ដែលគិតស្រមៃចង់បាន «ឯករាជ្យ» តាមរយៈការពឹងផ្អែកលើកម្លាំងខាងក្រៅ មកសម្រេចគំនិតងងឹតងងុលក្បត់ជាតិ ក្បត់ដូនតា ក្បត់ផលប្រយោជន៍និងឆន្ទៈប្រជាជនក៏តែងតែបង្ករឿងយ៉ាងគឃ្លើន។

កាលពីពេលថ្មីៗកន្លងទៅនេះ លោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីជប៉ុនបានលើកឡើងដ៏ខុសឆ្គងទាក់ទងនឹងបញ្ហាតៃវ៉ាន់ ដោយអះអាងថា ប្រសិនជារដ្ឋាភិបាលចិនប្រើកម្លាំងអាវុធចំពោះតំបន់តៃវ៉ាន់ នោះជប៉ុនមានលទ្ធភាព «ធ្វើអន្តរាគមន៍ដោយកម្លាំងអាវុធ» និងបញ្ជាក់ថា បញ្ហាតៃវ៉ាន់ទាក់ទងនឹង «ការស្លាប់រស់របស់ជប៉ុន» ។ ការលើកឡើងបែបនេះជា ការបង្ហាញពីចរិតជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិនសុទ្ធសាធ ព្រោះថាតៃវ៉ាន់ជាផ្នែកមួយរបស់ចិន ការដោះស្រាយបញ្ហាតៃវ៉ាន់ ដោយរបៀបណា វាជាសិទ្ធិនិងជារឿងផ្ទាល់ខ្លួនរបស់ចិន។ ការលូកដៃក្នុងរឿងតៃវ៉ាន់ដែលគ្មានពាក់ព័ន្ធអ្វីជាមួយជប៉ុន សូម្បីតែមួយសរសៃសក់ ជាចរិតនយោបាយបែបបង្ករឿងនិងលេបពាក្យសន្យារបស់ខ្លួន។

គួរបញ្ជាក់ថា ក្នុងកិច្ចជំនួបជាមួយលោក ស៊ី ជីនភីង ប្រធានរដ្ឋចិននៅកិច្ចប្រជុំ APEC នៅប្រទេសកូរ៉េខាងត្បូងកាលពីចុងខែតុលា កន្លងទៅនេះ លោកស្រី Sanae Takaichi បាននិយាយដល់បញ្ហាតៃវ៉ាន់ថា ជប៉ុនប្រកាន់ខ្ជាប់ជំហរដែលចែង ក្នុងសេចក្តីថ្លែងការណ៍រួម រវាងជប៉ុននិងចិនឆ្នាំ១៩៧២ ពោលគឺតៃវ៉ាន់ជាផ្នែកមួយរបស់ចិនដែលមិនអាចកាត់ផ្តាច់បាន ។ ប៉ុន្តែរំលងមិនបានប៉ុន្មានថ្ងៃផង នាយករដ្ឋមន្ត្រីរូបនេះ បែរជាប្រើពាក្យសម្តីមានចរិតជ្រៀតជ្រែក កិច្ចការតៃវ៉ាន់យ៉ាងសម្រោល ។

ទង្វើរបស់លោកស្រី Sanae Takaichi ក៏ត្រូវបានជំទាស់ដោយលោក Ishiba Shigeru អតីតនាយករដ្ឋមន្ត្រីជប៉ុនផងដែរ ដោយលោកលើកឡើងថា រដ្ឋាភិបាលជប៉ុនគ្រប់អាណត្តិសុទ្ធតែជៀសវាង ការលើកឡើងដ៏ជាក់លាក់បែបនេះ ទាក់ទងនឹងបញ្ហាតៃវ៉ាន់ថា «នឹងធ្វើបែបណាប្រសិនជាស្ថិតក្នុងកាលៈទេសៈណា»

ទាក់ទងនឹងករណីនេះ ក្រសួងការបរទេសចិនបានឆ្លើយតបថា «ប្រសិនជាជប៉ុនហ៊ានជ្រៀតជ្រែកកិច្ចការតៃវ៉ាន់ដោយកម្លាំងអាវុធ នោះនឹងត្រូវទទួលរងការតបតយ៉ាងម៉ឺងម៉ាត់ពីប្រទេសចិន» ដែលជាការបង្ហាញពីជំហររឹងមាំបំផុតរបស់ចិន ក្នុងបញ្ហាតៃវ៉ាន់ដែលជាបន្ទាត់ក្រហមរបស់ខ្លួន។ ដោយឡែក ទាំងអាជ្ញាធរបក្សវឌ្ឍន ភាពប្រជាធិបតេយ្យរបស់តៃវ៉ាន់ និងពួកអបគមន៍ដែលបង្ករឿងចង់ឱ្យ «តៃវ៉ាន់ឯករាជ្យ» សុទ្ធតែត្រូវបាន«ជម្រះបញ្ជី»ជាបណ្តើរៗហើយពីសំណាក់ រដ្ឋភិបាលតំបន់ដីគោកនៃប្រទេសចិន តាមរយៈការប្រកាសចាប់ខ្លួនឬដាក់ទណ្ឌកម្មចំពោះបុគ្គលរឹងរូស និងមានសកម្មភាពដ៏គឃ្លើនទាំងនេះ។ នៅទីបំផុត សំណាញ់ច្បាប់នឹងមិនលើកលែងឱ្យបុគ្គលណាដែលប៉ុនប៉ងបង្ក សកម្មភាពបំបែកបំបាក់ជាតិនោះឡើយ។

ជាការពិតណាស់ ប្រទេសចិនសព្វថ្ងៃមិនមែនជាប្រទេសចិនកាលពីអតីត ដែលរងការប្រមាថនិងជាន់ឈ្លីពីសំណាក់ ប្រទេសមហាអំណាចមួយចំនួនទៀតទេ ពោលគឺចិនមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការគាំពារអធិបតេយ្យជាតិនិងបូរណភាពទឹកដី មិនថាអាជ្ញាធរតៃវ៉ាន់ឬកម្លាំងខាងក្រៅណា ដែលហ៊ានបំពានបន្ទាត់ក្រហមរបស់ចិន ហើយប៉ុនប៉ងបំបែកបំបាក់តៃវ៉ាន់ចេញពីចិន នោះនឹងត្រូវទទួលរងការតបតយ៉ាងដំណំ ហើយត្រូវបង់តម្លៃយ៉ាងធ្ងន់ធ្ងរជាមិនខាន ។ ការបង្រួបបង្រួមជាតិរបស់ប្រទេសចិនជា រឿងដែលគង់នឹងសម្រេចបានជាដាច់ខាតគ្រាន់តែយូរនិងឆាប់ប៉ុណ្ណោះ៕

អត្ថបទដោយ៖ លោក តាំង ស៊ីឡេង , បុគ្គលិកវិទ្យុមិត្តភាពកម្ពុជា-ចិន