បទវិភាគ៖ បំពានខ្សែបន្ទាត់ក្រហមនៅត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ ពិតជានឹងរងការវាយតបតយ៉ាងម៉ឺងម៉ាត់មិនខាន

16-11-2025 15:01

(ប៉េកាំង)៖ នាពេលថ្មីៗកន្លងទៅនេះ ក្នុងអំឡុងពេលចូលរួមការជជែកដេញដោលនៅរដ្ឋសភា លោកស្រី Takaichi Sanae នាយករដ្ឋមន្ត្រីជប៉ុនបានអះអាងថា ប្រសិនបើតៃវ៉ាន់មានរឿង នោះវាអាចនឹងបង្កើតទៅជា “វិបត្តិពាក់ព័ន្ធនឹងការស្លាប់រស់ របស់ជប៉ុន” កងស្វ័យការពារនឹងអាចអនុវត្តសិទ្ធិស្វ័យការពារ ។ នេះជាលើកទីមួយហើយ ដែលថ្នាក់ដឹកនាំជប៉ុនបានបង្ហាញពី មហិច្ឆតាចង់ជ្រៀតជ្រែកបញ្ហាតៃវ៉ាន់តាមរយៈកម្លាំងអាវុធ បន្ទាប់ពីជប៉ុនទទួលបរាជ័យក្នុងសង្គ្រាមរយៈពេល៨០ឆ្នាំកន្លងមក ដែលមានឥរិយាបទដ៏អាក្រក់គួអោយស្អប់ខ្ពើម និងមានផលប៉ះពាល់ដ៏ធ្ងន់ធ្ងរ។

ប៉ុន្មានថ្ងៃកន្លងទៅនេះ ទាក់ទិងនឹងពាក្យសំដីបង្ករឿង ដែលបានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងយ៉ាងកម្រោល និងជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរ ក្នុងសណ្តាប់ធ្នាប់អន្តរជាតិបន្ទាប់ពីសង្គ្រាមលោកលើកទីពីរ និងការបំផ្លេចបំផ្លាញគ្រឹះមូលដ្ឋាន នៃទំនាក់ទំនងការទូតរវាងចិន និងជប៉ុន ប្រទេសចិនបានលើកការប្រឆាំងតវ៉ាយ៉ាងខ្លាំងខ្លាជាច្រើនលើកចំពោះភាគីជប៉ុន។

នៅថ្ងៃទី១៣ ខែវិច្ឆិកា អនុរដ្ឋមន្ត្រីការបរទេសចិនបានកោះហៅ ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសចិន ដោយបានគូសបញ្ជាក់ថា អ្នកណាដែលហ៊ានជ្រៀតជ្រែកក្នុងបុព្វហេតុបង្រួបបង្រួមជាតិរបស់ប្រទេសចិន ទោះក្នុងទម្រង់ណាមួយក្តី ក៏ចិនមុខជានឹងតបតយ៉ាងខ្លាំងក្លាបំផុត! ប្រទេសចិនដាស់តឿនជាថ្មីម្តងទៀត ឱ្យជប៉ុនគិតពិចារណាឡើងវិញពីកំហុស នៃប្រវត្តិសាស្ត្រឈ្លានពាន លុបចោលការលើកឡើងដ៏អាក្រក់របស់ខ្លួន។ បើមិនដូច្នោះទេ ជប៉ុនត្រូវតែទទួលខុសត្រូវទាំងស្រុង ចំពោះផលវិបាកទាំងអស់។

និយាយចំពោះប្រជាជនទូទៅ ការលើកឡើងរបស់ជប៉ុនស្តីពី “វិបត្តិពាក់ព័ន្ធនឹងការស្លាប់រស់” បានធ្វើឱ្យអ្នកផងមានការរំឭកឡើងវិញ ពីការចងចាំដ៏ឈឺចាប់ក្នុងប្រវត្តិសាស្ត្រ។ ចាប់តាំងពីឈានចូលសម័យទំនើបមក ចក្រពត្តិនិយមជប៉ុនបានបំផុស សង្គ្រាមឈ្លានពានបរទេសជាច្រើនលើក ដោយយកលេសបែបនេះ ក្នុងនោះរួមទាំង ការបង្កឧប្បត្តិហេតុថ្ងៃទី ១៨ ខែកញ្ញា ក្រោមលេស “ការប្រើប្រាស់សិទ្ធិស្វ័យការពារ” និងបំផុសសង្គ្រាមឈ្លានពានប្រទេសចិន ដែលបាននាំមក នូវគ្រោះមហន្តរាយយ៉ាងធ្ងន់ធ្ងរ ដល់ប្រជាជនចិននិងប្រជាជននៅទូទាំងពិភពលោក ។

ឆ្នាំនេះ ជាខួបទី៨០ នៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និងសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស ហើយក៏ជាខួបទី៨០នៃការស្តារអធិបតេយ្យភាពរបស់ចិនចំពោះតៃវ៉ាន់ឡើងវិញផងដែរ ។ ក្នុងឆ្នាំដ៏ដ៏វិសេសវិសាល ក្នុងនាមជានាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Takaichi Sanae មិនត្រឹមតែមិនគិតពិចារណាពី ទោសកំហុសក្នុងសង្គ្រាមឈ្លានពាន ផ្ទុយទៅវិញបានលើកឡើងជាថ្មីម្តងទៀតនូវអ្វីដែលហៅថា “វិបត្តិពាក់ព័ន្ធនឹងការស្លាប់រស់” ប៉ុនប៉ងជ្រៀតជ្រែកកិច្ចការនៅតំបន់ច្រកសមុទ្រតៃវ៉ាន់តាមរយៈកម្លាំងអាវុធ។ អ្នកផងទាំងពួងមានហេតុផលចោទសួរថា រដ្ឋាភិបាលជប៉ុននឹងគោរពពាក្យសច្ចា ស្តីពីការអភិវឌ្ឍដោយសន្តិភាពឬទេ ? ឬក៏នឹងធ្វើទង្វើខុសឆ្គងដូចក្នុងអតីតកាល ?

នៅក្នុងប្រទេសជប៉ុន ការធ្វើអធិប្បាយរបស់លោកស្រី Takaichi Sanae ដែលបានបង្ករឿងហេតុពាក់ព័ន្ធនឹងបញ្ហាតៃវ៉ាន់ បានរងការស្តីបន្ទោសជាទូទៅក្នុងមជ្ឈដ្ឋានមតិ ។ ឥស្សរជនជាន់ខ្ពស់របស់ជប៉ុន ក្នុងនោះរួមមានទាំងលោក Hatoyama Yukio លោកIshiba Shigeru និងលោក Noda Yoshihiko អតីតនាយករដ្ឋមន្ត្រីជប៉ុន ក៏បានលើកឡើងការរិះគន់ព្រមៗគ្នា។

ការស្វែងយល់ពីប្រវត្តិសាស្រ្តនិងបញ្ហាតៃវ៉ាន់ ជាការសាកល្បងចំពោះមសិការរបស់អ្នកនយោបាយនៃប្រទេសជប៉ុន ហើយពាក់ព័ន្ធដល់មាគ៌ាអភិវឌ្ឍន៍ នៃទំនាក់ទំនងរវាងចិននិងជប៉ុនផងដែរ។ ៨០ឆ្នាំមុន ប្រជាជនចិនបានយកឈ្នះលើ អ្នកឈ្លានពានជប៉ុន ហើយបានបញ្ចប់ទន្ទ្រានកាន់កាប់របស់ជប៉ុននៅតៃវ៉ាន់។ បច្ចុប្បន្ននេះ អ្នកណាហ៊ានបំផ្លាញផលប្រយោជន៍ជាស្នូលរបស់ចិន និងស្រមើស្រមៃជ្រៀតជ្រែកក្នុងបុព្វហេតុបង្រួបបង្រួមជាតិរបស់ប្រទេសចិន ទោះតាមទម្រង់ណាមួយក្តី រដ្ឋាភិបាលនិងប្រជាជនចិន នឹងមិនអាចទទួលយកបានជាដាច់ខាត និងមិនអាចអត់ឱនជាដាច់ខាត !

សូមដាស់តឿន អ្នកនយោបាយជប៉ុន ចាំបាច់ត្រូវអនុវត្តយ៉ាងប្រាកដប្រជា ចំពោះឯកសារនយោបាយទាំងបួនរវាងចិននិងជប៉ុន ដែលបានកំណត់យ៉ាងច្បាស់ពីបញ្ហាប្រវត្តិសាស្ត្រ និងបញ្ហាតៃវ៉ាន់ ដកពាក្យសម្តីដ៏អាក្រក់របស់ខ្លួនដែលអាចបង្ករឿង ក្នុងបញ្ហាតៃវ៉ាន់ជាបន្ទាន់ និងចាត់វិធានការសម្រាប់ដោះស្រាយផលអវិជ្ជមាន ដើម្បីកសាងទំនុកចិត្តអ្នកផងទាំងពួង តាមរយៈសកម្មភាពជាក់ស្តែង។ បើជប៉ុនប្រថុយប្រថានម្តងហើយម្តងទៀតទៅលើបញ្ហាតៃវ៉ាន នោះនឹងត្រូវរងការវាយបកយ៉ាងពេញទំហឹងជាក់ជាមិនខាន !

វិទ្យុមិត្តភាពកម្ពុជាចិន