អ៊ីរ៉ង់ ចាប់ផ្តើមប្រតិបត្តិការ «បង្កាត់ពពក» បង្កើតភ្លៀងសិប្បនិម្មិត ខណៈគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតវាយប្រហារ
16-11-2025 18:56
(តេហេរ៉ង់)៖ អាជ្ញាធរអ៊ីរ៉ង់បានចាប់ផ្តើមប្រតិបត្តិការបង្កាត់ពពក ដើម្បីបង្កើតឱ្យមានភ្លៀងធ្លាក់ ខណៈប្រទេសនេះកំពុងប្រឈមមុខនឹងគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍។ នេះបើតាមការចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ IRNA បានរាយការណ៍កាលពីចុងថ្ងៃសៅរ៍ថា «នៅថ្ងៃនេះ ជើងហោះហើរបង្កាត់ពពកមួយត្រូវបានធ្វើឡើងនៅអាងបឹង Urmia ជាលើកដំបូងសម្រាប់ឆ្នាំទឹកបច្ចុប្បន្ន»។ បឹង Urmia ដែលស្ថិតនៅភាគពាយព្យ គឺជាបឹងធំជាងគេរបស់អ៊ីរ៉ង់ ប៉ុន្តែបច្ចុប្បន្នបានរីងស្ងួតស្ទើរទាំងស្រុង និងបានប្រែក្លាយទៅជាវាលអំបិលដ៏ធំល្វឹងល្វើយដោយសារគ្រោះរាំងស្ងួត។
យោងតាមអង្គការឧតុនិយមរបស់ប្រទេសនេះ បរិមាណទឹកភ្លៀងបានថយចុះប្រហែល ៨៩ភាគរយនៅឆ្នាំនេះ បើធៀបនឹងកម្រិតមធ្យមភាគរយៈពេលវែង ហើយអ៊ីរ៉ង់កំពុង «ប្រឈមនឹងរដូវស្លឹកឈើជ្រុះដែលរាំងស្ងួតបំផុត ដែលប្រទេសនេះធ្លាប់ជួបប្រទះក្នុងរយៈពេល ៥០ឆ្នាំ»។ នៅរដ្ឋធានីតេហេរ៉ង់វិញ កម្រិតទឹកភ្លៀងបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលមួយសតវត្ស ហើយកម្រិតទឹកនៅតាមអាងស្តុកទឹកជាច្រើនបានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានពីមុន។
គួរបញ្ជាក់ថា កាលពីដើមខែនេះ ប្រធានាធិបតីអ៊ីរ៉ង់ លោក ម៉ាស៊ូត ពេហ្សិសគៀន (Masoud Pezeshkian) បានព្រមានថា ប្រសិនបើគ្មានភ្លៀងធ្លាក់មុនរដូវរងាទេ ទីក្រុងតេហេរ៉ង់អាចនឹងប្រឈមមុខនឹងការជម្លៀសប្រជាជន។ ប្រទេសផ្សេងទៀតក្នុងតំបន់ រួមទាំងសហភាពអារ៉ាប់រួម ក៏បានប្រើប្រាស់បច្ចេកវិទ្យាបង្កាត់ពពក ដើម្បីបង្កើតភ្លៀងសិប្បនិម្មិតផងដែរ៕






