រុស្ស៊ី អះអាងថាខ្លួនរុលទៅមុខយ៉ាងលឿននៅតំបន់ Zaporizhzhia និងកាន់កាប់បានភូមិចំនួន២បន្ថែមទៀត (Video inside)
16-11-2025 20:07
(មូស្គូ)៖ ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសនៅថ្ងៃអាទិត្យនេះថា កងកម្លាំងរបស់ខ្លួនបានរុលទៅមុខយ៉ាងលឿននៅក្នុងតំបន់ហ្សាប៉ូរីសហ្ស៊ី (Zaporizhzhia) ភាគអាគ្នេយ៍នៃប្រទេសអ៊ុយក្រែន ដោយបានកាន់កាប់ភូមិចំនួនពីរ ដែលជាផ្នែកមួយនៃការវាយលុកដ៏ធំក្នុងគោលបំណងគ្រប់គ្រងតំបន់នេះទាំងមូល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ថា កងកម្លាំងរបស់ខ្លួនបានកាន់កាប់តំបន់ ម៉ាឡា តុកម៉ាឆកា (Mala Tokmachka) និង រីវណូភីលីយ៉ា (Rivnopillya)។ ការដណ្តើមបានទីតាំងទាំងនេះ ធ្វើឱ្យទីក្រុងភាគខាងត្បូងដូចជា ហ៊ូលីយ៉ៃប៉ូល (Huliaipole) និង អូរីឃីវ (Orikhiv) កំពុងប្រឈមមុខនឹងគ្រោះថ្នាក់នៃការឡោមព័ទ្ធដោយយុទ្ធសាស្ត្រកៀបរបស់កងទ័ពរុស្ស៊ី។
មកទល់ពេលនេះ មិនទាន់មានការឆ្លើយតបភ្លាមៗពីខាងអ៊ុយក្រែននៅឡើយទេ។ ទោះជាយ៉ាងណា យោងតាមផែនទីដែលគាំទ្រអ៊ុយក្រែន កងកម្លាំងរុស្ស៊ីបានរុលទៅមុខយ៉ាងហោចណាស់ ៣០គីឡូម៉ែត្រនៅតាមបណ្តោយសមរភូមិមុខក្នុងរយៈពេល ៦សប្តាហ៍កន្លងមកនេះ។ ទាហាន និងមេបញ្ជាការអ៊ុយក្រែនបានទទួលស្គាល់ថា ពួកគេមិនមានកងទ័ពគ្រប់គ្រាន់ដើម្បីការពារទីតាំងជាច្រើននោះទេ ខណៈដែលត្រូវប្រឈមមុខនឹងការវាយប្រហារដោយកាំភ្លើងធំ និងដ្រូនយ៉ាងខ្លាំងក្លាពីសំណាក់កងទ័ពរុស្ស៊ីដែលមានចំនួនច្រើនជាង។
គួរបញ្ជាក់ថា បច្ចុប្បន្នរុស្ស៊ីគ្រប់គ្រងទឹកដីអ៊ុយក្រែនប្រហែល ១៩% ឬស្មើនឹងជាង ១១៥,០០០គីឡូម៉ែត្រក្រឡា។ ទីក្រុងមូស្គូមានបំណងចង់គ្រប់គ្រងតំបន់ដុនបាស (Donbas) ទាំងមូល ព្រមទាំងខេត្តខឺសុន (Kherson) និងហ្សាប៉ូរីសហ្ស៊ី។ រុស្ស៊ីអះអាងថាខ្លួនគ្រប់គ្រងប្រហែល ៧៥% នៃតំបន់ហ្សាប៉ូរីសហ្ស៊ី ខណៈដែលអ៊ុយក្រែននៅតែបន្តគ្រប់គ្រងផ្ទៃដីប្រហែល ៧,០០០គីឡូម៉ែត្រក្រឡា រួមទាំងទីក្រុងហ្សាប៉ូរីសហ្ស៊ីផងដែរ៕





