កងទ័ពអ៊ីស្រាអែល បាញ់ប្រហារលើកងរក្សាសន្តិភាព UN នៅភាគខាងត្បូងលីបង់ តែគ្មានអ្នករងរបួស (Video inside)
16-11-2025 21:52
(បេរូត)៖ កងកម្លាំងយោធាអ៊ីស្រាអែល បានបើកការបាញ់ប្រហារទៅលើកងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ (UN) នៅភាគខាងត្បូងប្រទេសលីបង់ កាលពីថ្ងៃអាទិត្យ។ បេសកកម្មរក្សាសន្តិភាពរបស់ UN បានពណ៌នាហេតុការណ៍នេះថាជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ ទោះបីជាមិនមានរបាយការណ៍អ្នករងរបួសក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ យោធាអ៊ីស្រាអែលបានអះអាងថា ទាហានរបស់ខ្លួនបានបើកការបាញ់ប្រហារទៅលើជនសង្ស័យពីរនាក់នៅតំបន់ El Hamames ក្បែរព្រំដែនអ៊ីស្រាអែល ហើយទើបតែដឹងនៅពេលក្រោយថា ពួកគេគឺជាកងរក្សាសន្តិភាពរបស់ UN។ យោធាអ៊ីស្រាអែលបានបញ្ជាក់ថា ការកំណត់អត្តសញ្ញាណខុសនេះ បណ្តាលមកពីលក្ខខណ្ឌអាកាសធាតុមិនល្អ ហើយហេតុការណ៍នេះកំពុងស្ថិតក្រោមការត្រួតពិនិត្យ។
ទោះជាយ៉ាងណា កងកម្លាំងបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិនៅលីបង់ (UNIFIL) បានផ្តល់សេចក្តីរាយការណ៍ខុសគ្នា ដោយបញ្ជាក់ថា កងកម្លាំងអ៊ីស្រាអែលបានបាញ់ចេញពីរថក្រោះ Merkava មួយគ្រឿងដែលឈរជើង នៅក្នុងទឹកដីលីបង់ ឆ្ពោះទៅរកកងរក្សាសន្តិភាពដែលកំពុងដើរដោយថ្មើរជើង។ គ្រាប់កាំភ្លើងយន្តធុនធ្ងន់បានធ្លាក់នៅចម្ងាយតែ ៥ម៉ែត្រពីកងរក្សាសន្តិភាព ដែលបង្ខំឱ្យពួកគេស្វែងរកទីជ្រកកោន។ UNIFIL បានបន្ថែមថា រថក្រោះអ៊ីស្រាអែលបានដកថយវិញ បន្ទាប់ពីកងរក្សាសន្តិភាពបានទាក់ទងយោធាអ៊ីស្រាអែលតាមរយៈបណ្តាញផ្លូវការ។
UNIFIL បានហៅហេតុការណ៍នេះថាជា «ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ» លើសេចក្តីសម្រេចចិត្តលេខ ១៧០១ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលចែងថា មិនគួរមានកងកម្លាំងប្រដាប់អាវុធណាមួយប្រតិបត្តិការនៅភាគខាងត្បូងលីបង់ឡើយ លើកលែងតែកងរក្សាសន្តិភាព UN និងយោធាលីបង់។ យោធាលីបង់ក៏បានចេញសេចក្តីថ្លែងការណ៍មួយដោយចាត់ទុកសកម្មភាពរបស់អ៊ីស្រាអែលថាជាការរំលោភលើអធិបតេយ្យភាពរបស់ខ្លួន ដែលបង្កអស្ថិរភាពនៅក្នុងប្រទេស។
គួរបញ្ជាក់ថា អ៊ីស្រាអែល និងក្រុម Hezbollah បានព្រមព្រៀងលើបទឈប់បាញ់មួយកាលពីឆ្នាំមុន។ ទោះជាយ៉ាងណា ភាគីទាំងពីរនៅតែបន្តចោទប្រកាន់គ្នាទៅវិញទៅមកថាបានរំលោភលើកិច្ចព្រមព្រៀងនេះ ដោយអ៊ីស្រាអែលចោទ Hezbollah ថាព្យាយាមបំពាក់អាវុធឲ្យខ្លួនឯងឡើងវិញ ខណៈលីបង់ចោទអ៊ីស្រាអែលថាមិនព្រមដកទ័ពចេញទាំងអស់ទេ ងើយបន្តការវាយប្រហារតាមផ្លូវអាកាស៕






