លោក ត្រាំ បង្ហើបពីលទ្ធភាពនៃជំនួប ជាមួយប្រធានាធិបតីវ៉េណេស៊ុយអេឡា Nicolas Maduro (Video inside)

17-11-2025 08:40

(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅថា រដ្ឋបាលរបស់លោកបើកចំហរសម្រាប់ការពិភាក្សាជាមួយ ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro ដែលកំពុងរងសម្ពាធពីសហរដ្ឋអាមេរិក ចំពេលមានការបង្កើនវត្តមានយោធាក្នុងតំបន់ Caribbean។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៧ ខែវិច្ឆកា ឆ្នាំ ២០២៥។

លោក ត្រាំ ប្រាប់អ្នកយកព័ត៌មាននៅឯរីសត West Palm Beach រដ្ឋ Florida យ៉ាងដូច្នេះថា «ពួកគេចង់និយាយ។ យើងប្រហែលជាអាចមានការពិភាក្សាខ្លះៗ ជាមួយលោក Maduro ហើយយើងចាំមើលថានឹងមានអ្វីប្រែប្រួល»។ លោក ត្រាំ មិនបានផ្តល់ព័ត៌មានលម្អិតអំពីលទ្ធភាពនៃការចរចាទេ ហើយនៅតែរក្សាសម្ពាធលើរបបលោក Maduro ដោយបន្ថែមថា «​យើង​បញ្ឈប់​ឈ្មួញ​ចែកចាយ និង​គ្រឿងញៀន​មិន​ឱ្យចូលមក​ប្រទេស​យើង»

ជុំវិញការអត្ថាធិប្បាយនេះ ក្រសួងទំនាក់ទំនងវ៉េណេស៊ុយអេឡា មិនទាន់ឆ្លើយតបចំពោះសំណើសុំការបញ្ជាក់នោះទេ។ លទ្ធភាពនៃការពិភាក្សារវាងសហរដ្ឋអាមេរិក និងវ៉េណេស៊ុយអេឡាត្រូវបានបង្ហើបឱ្យដឹង នៅពេលដែលមន្ទីរបញ្ចកោណ ទើបប្រកាសពីការវាយប្រហារមួយផ្សេងទៀត លើទូកដែលចោទថាមានដឹកគ្រឿងញៀន នៅតំបន់ប៉ាស៉ីហ្វិកភាគខាងកើត សម្លាប់មនុស្ស ៣នាក់កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន៕