អ៊ុយក្រែន ស្វែងរកការដោះដូរឈ្លើយសឹក១២០០នាក់ទៀត ជាមួយរុស្ស៉ី (Video inside)

17-11-2025 09:18

(កៀវ)៖ កាលពីថ្ងៃអាទិត្យ ទី១៦ ខែវិច្ឆិកា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា អ៊ុយក្រែនកំពុងធ្វើការ ដើម្បីបន្តដំណើរការដោះដូរឈ្លើយសឹកឡើងវិញ ជាមួយរុស្ស៉ី ដោយសង្ឃឹមថា នឹងអាចស្វែងរកការដោះលែងជនជាតិអ៊ុយក្រែនចំនួន ១២០០នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

លោក ហ្សេលេនស្គី បាននិយាយយ៉ាងដូច្នេះថា «ពួកយើងកំពុងរំពឹងលើការបន្តការដោះដូរឈ្លើយសឹកឡើងវិញ។ ជំនួបប្រជុំ កិច្ចចរចា និង​ការសន្ទនាទូរសព្ទជាច្រើន ឥឡូវកំពុងតែផ្តោតលើរឿងនេះ»។ រីឯប្រធានក្រុមប្រឹក្សាសន្តិសុខជាតិរបស់លោក ហ្សេលេនស្គី គឺលោក Rustem Umerov ក៏បានឱ្យដឹងដែរថា លោកបានធ្វើការពិគ្រោះយោបល់ នៅប្រទេសតួកគីយ៉េនិងអេមីរ៉ាតអារ៉ាប់រួម ក្រោមការគាំទ្រពីដៃគូ​របស់ទីក្រុងកៀវ ស្តីពីការបន្តដំណើរការដោះដូរឡើងវិញ។

លោក Umerov បានប្រាប់ថា «ជាលទ្ធផលនៃការចរចាទាំងនេះ បណ្តាភាគីពាក់ព័ន្ធបានឯកភាពគ្នា ដើម្បីត្រឡប់ទៅរកកិច្ចព្រមព្រៀងអ៉ីស្តង់ប៊ុលវិញ ហើយវាពាក់ព័ន្ធការដោះលែងឈ្លើយសឹកអ៊ុយក្រែន ១២០០នាក់»

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងអ៉ីស្តង់ប៊ុល ចង់សំដៅលើការព្រមព្រៀងគ្នាស្តីពីការដោះដូរអ្នកទោសសង្រ្គាម សម្រេចបានក្រោមការសម្របសម្រួល​របស់តួកគីយ៉េ កាលពីឆ្នាំ២០២២ ដែលកំណត់លក្ខខណ្ឌនិងនីតិវិធី សម្រាប់ការដោះដូរឈ្លើយសឹកក្នុងទ្រង់ទ្រាយធំរវាងអ៊ុយក្រែននិងរុស្ស៉ី។ ចាប់តាំងពីពេលនោះមក ភាគីទាំងពីរ បានធ្វើការដោះដូរឈ្លើយសឹក​សរុបរាប់ពាន់នាក់ ប៉ុន្តែប៉ុន្មានខែចុងក្រោយនេះ គឺហាក់លែងសូវឃើញមាន ការដោះដូរត្រូវបានធ្វើឡើងតទៅទៀត៕