ការលើកលែងពន្ធរបស់សហរដ្ឋអាមេរិក ទៅលើផលិតផលមួយចំនួន ជួយសម្រាលបន្ទុកកសិករឥណ្ឌា (Video inside)

17-11-2025 10:15

(ញូវដេលី)៖ ក្រុមហ៊ុននាំចេញផលិតផលកសិកម្មឥណ្ឌា ស្ថិតក្នុងចំណោមអ្នកដែលទទួលបានអត្ថប្រយោជន៍ ពីការលើកលែងរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ទៅលើទំនិញជាច្រើនមុខពីពន្ធគយអាមេរិក ដោយក្រុមអ្នកវិភាគខ្លះនិយាយថា វាអាចជួយស្តារការខាតបង់ពីមុនមកវិញ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៧ ខែវិច្ឆិកា ឆ្នាំ ២០២៥។

លោក ត្រាំ កាលពីថ្ងៃសុក្របានដកពន្ធ ដែលលោកបានដាក់លើផលិតផលអាហារជាង ២០០មុខ រួមទាំងសាច់គោ ខណៈដែលអ្នកប្រើប្រាស់នៅអាមេរិក សម្តែងក្តីបារម្ភកាន់តែខ្លាំងចំពោះតម្លៃគ្រឿងទេស នៅក្នុងសហរដ្ឋអាមេរិក។

តាមអគ្គនាយកសហព័ន្ធនៃអង្គការនាំចេញរបស់ឥណ្ឌា (FIEO) លោក Ajay Sahai ការនាំចេញក្នុងទំហំទឹកប្រាក់ពី ២.៥ពាន់លានដុល្លារទៅ ៣ពាន់លានដុល្លារ នឹងទទួលបានអត្ថប្រយោជន៍ពីការលើកលែង។ លោក​​បន្ត​ថា​ ​ការលើកលែងពន្ធបានបើក​ចំហ​សម្រាប់​ផលិតផលលំដាប់ខ្ពស់​ ពិសេសៗ និង​តម្លៃ​បន្ថែម​ ដោយអ្នកនាំចេញដែលធ្លាប់រងគ្រោះ លែងមានសម្ពាធទាក់ទងនឹងបញ្ហាតម្លៃខ្ពស់ ហើយអាចទាញយកអ្នកប្រើប្រាស់ បានកាន់តែច្រើន។

គួរបញ្ជាក់ថា អ្នកនាំចេញផលិតផលតែ កាហ្វេ គ្រឿងទេស និងគ្រាប់ស្វាយចន្ទីរបស់ឥណ្ឌា បានរងផលប៉ះពាល់ខ្លាំង បន្ទាប់ពីលោក ត្រាំ ដំឡើងពន្ធខ្ពស់រហូតដល់អត្រា ៥០ភាគរយ លើទំនិញនាំចូលពីឥណ្ឌាមួយចំនួន រួមទាំងការដាក់ទណ្ឌកម្ម ២៥ភាគរយ ចាប់ពីចុងខែសីហាលើការបន្តទិញប្រេងពីរុស្ស៉ី៕