អ្នកបោះឆ្នោតប្រជាមតិនៅអេក្វាទ័រ ភាគច្រើន ជំទាស់នឹងការដាក់មូលដ្ឋានយោធាបរទេស នៅក្នុងប្រទេសពួកគេឡើងវិញ (Video inside)

17-11-2025 11:24

(គីតូ)៖​ វិធាការមួយដែលនឹងអនុញ្ញាត ឱ្យមានការដាក់មូលដ្ឋានយោធាអាមេរិក នៅក្នុងប្រទេសអេក្វាទ័រឡើងវិញ បានបរាជ័យនៅក្នុងការបោះឆ្នោតប្រជាមតិ ដោយការរាប់សន្លឹកឆ្នោតបង្ហាញថា ជាង ៧០ភាគរយ បានច្រានចោលវិធានការនោះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៧ ខែវិច្ឆិកា ឆ្នាំ ២០២៥។

ធ្លាប់តែត្រូវបានចាត់ទុកជាប្រទេស មានសុវត្ថិភាពបំផុតមួយនៅអាមេរិកឡាទីន អេក្វាទ័រ បានក្លាយជាកន្លែងដឹកជញ្ជូនគ្រឿងញៀនឆ្លងកាត់ ក្នុងប៉ុន្មានឆ្នាំថ្មីនេះ ដោយសារតែទីតាំងស្ថិតនៅលើមហាសមុទ្រប៉ាស៉ីហ្វិក និងដែលបង្កឱ្យមានវិបត្តិសន្តិសុខមិនធ្លាប់មានពីមុនមក បន្ថែមលើបញ្ហាសេដ្ឋកិច្ចដែលផុយស្រួយរួចទៅហើយ។ ប្រធានាធិបតីអេក្វាទ័រ លោក Daniel Noboa បាននិយាយថា កិច្ចសហប្រតិបត្តិការបរទេស រួមទាំងមូលដ្ឋានទ័ពរួម ឬមូលដ្ឋានទ័ពបរទេសនៅក្នុងប្រទេស គឺជាចំណុចស្នូលនៃការងារប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម។

អ្នកបោះឆ្នោតប្រជាមតិខ្លះ បានសម្តែងនូវក្តីបារម្ភអំពីអធិបតេយ្យភាពជាតិ ជុំវិញលទ្ធភាពបំពាក់មូលដ្ឋានយោធាបរទេស ដែលត្រូវបានរារាំងក្នុងប្រទេសអេក្វាទ័រតាំងពីឆ្នាំ ២០០៩ ហើយអ្នកខ្លះប្រហែលជាបោះឆ្នោតប្រឆាំងនឹងវិធានការនេះ ដោយសារតែកំហឹងចំពោះការលុបចោលនូវការឧបត្ថម្ភធនប្រេងម៉ាស៊ូត ដោយលោកប្រធានាធិបតី Noboa និងដែលនាំឱ្យមានការតវ៉ាក្នុងតំបន់មួយចំនួន។

គួរបញ្ជាក់ថា ទីក្រុងឆ្នេរសមុទ្រ Manta បានទទួលបុគ្គលិកយោធាអាមេរិក អស់រយៈពេល ១ទសវត្សរ៍ រហូតដល់អតីតប្រធានាធិបតីអេក្វាទ័រ លោក Rafael Correa បដិសេធមិនបន្តវត្តមានរបស់ពួកគេ៕