ប្រព័ន្ធផ្សព្វផ្សាយជប៉ុន៖ ទីក្រុងតូក្យូបញ្ជូនបេសកជនទៅចិន ដើម្បីបន្ថយកម្តៅជម្លោះការទូត (Video inside)

17-11-2025 12:00

(តូក្យូ)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនៅប្រទេសជប៉ុន នៅថ្ងៃចន្ទ ទី១៧ ខែវិច្ឆិកា បានរាយការណ៍ថា មន្រ្តីការទូតជាន់ខ្ពស់ជប៉ុនមួយរូប នឹងធ្វើដំណើរទៅកាន់ប្រទេសចិនក្នុងថ្ងៃនេះ ស្របពេលដែលទីក្រុងតូក្យូព្យាយាមបន្ធូរបន្ថយទៅវិញ នូវការកើនឡើងនៃជម្លោះការទូតរវាងប្រទេសទាំងពីរ ជុំវិញបញ្ហាកោះតៃវ៉ាន់។

ភាពតានតឹងបានផ្ទុះឡើង បន្ទាប់ពីនាយករដ្ឋមន្រ្តីជប៉ុន លោកស្រី Sanae Takaichi បានថ្លែងប្រាប់សភាជប៉ុនក្នុងខែវិច្ឆិកានេះថា ការវាយលុករបស់ចិនលើតៃវ៉ាន់ អាចគំរាមកំហែងដល់អាយុជីវិតរបស់ប្រទេសជប៉ុន ហើយប្រហែលនាំឱ្យទីក្រុងតូក្យូ ត្រូវឆ្លើយតបដោយយោធា។ ការលើកលែងបែបនេះ បានធ្វើឱ្យចិនខឹងសម្បារជាខ្លាំង ត្បិតចិនចាត់ទុក តៃវ៉ាន់ជាផ្នែកនៃដែនដីរបស់ខ្លួន។

យោងតាមសេចក្តីរាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយជប៉ុន លោក Masaaki Kanai អគ្គនាយកនៃនាយកដ្ឋានកិច្ចការអាស៉ីនិង​អូសេអានីរបស់ក្រសួងការបរទេសជប៉ុន នឹងជួបជាមួយសមភាគីចិន លោក Liu Jinsong។ លោក Kanai ត្រូវបានរំពឹងនឹងធ្វើការបកស្រាយថា ការអត្ថាធិប្បាយរបស់លោកស្រី Takaichi មិនបង្ហាញពីសញ្ញាផ្លាស់ប្តូរ នៃគោលនយោបាយសន្តិសុខ​របស់ជប៉ុនឡើយ ហើយលោកនឹងទទូចឱ្យចិនកុំធ្វើសកម្មភាពទាំងឡាយណា ដែលអាចនាំ​ឱ្យខូចទំនាក់ទំនងទ្វេភាគី។

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន ទីក្រុងប៉េកាំងបានព្រមានជប៉ុនធ្ងន់ៗថា នឹងត្រូវជួបបរាជ័យយ៉ាងអាម៉ាស់បំផុត ប្រសិនបើហ៊ាន​ប្រើកម្លាំងជ្រៀតជ្រែកបញ្ហាតៃវ៉ាន់ ហើយបានកោះហៅឯកអគ្គរាជទូតជប៉ុន ដើម្បីបង្ហាញការជំទាស់យ៉ាងដាច់អហង្ការ។ ក្រៅពីនោះ ចិនបានណែនាំឱ្យពលរដ្ឋខ្លួនកុំធ្វើដំណើរទៅជប៉ុន ជាហេតុនាំឱ្យមានក្តីបារម្ភថា ក្រុមហ៊ុននានាដែលពាក់ព័ន្ធវិស័យទេសចរណ៍នៅជប៉ុន នឹងមើលឃើញនិន្នាការធ្លាក់ចុះ ក្នុងអាជីវកម្មរបស់ពួកគេ៕