ប្រធានាធិបតីអ៊ូសបេគីស្ថាន ស្នើបង្កើតប្លុកប្រទេសអាស៉ីកណ្តាលផ្លូវការ (Video inside)
17-11-2025 13:16
(តាស្កិន)៖ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ប្រធានាធិបតីអ៊ូសបេគីស្ថាន លោក Shavkat Mirziyoyev បានបង្ហាញសំណើបង្កើត អង្គការកិច្ចសហប្រតិបត្តិការមួយនៅក្នុងតំបន់ ដែលរូបលោកហៅថា «សហគមន៍អាស៉ីកណ្តាល» ក្រោមគោលដៅចង់លើកកម្ពស់ ការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ដែលមានប្រជាជនសរុបជាង៨០លាននាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥។
ថ្លែងអំឡុងកិច្ចប្រជុំមួយនៅរដ្ឋធានីតាស្កិន រវាងមេដឹកនាំនៃក្រុមប្រទេសអាស៊ីកណ្តាលទាំង៥ បូករួមជាមួយអាស៊ែបៃហ្សង់ លោក Mirziyoyev បានស្នើប្រែក្លាយ កិច្ចប្រជុំកំពូលជាប្រចាំរវាងមេដឹកនាំប្រទេសទាំង៥ ឱ្យទៅជាអង្គការផ្លូវការមួយប្រចាំតំបន់។ ទន្ទឹមគ្នានោះ លោកថែមទាំងបានសង្កត់ធ្ងន់អំពីភាពចាំបាច់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច សន្តិសុខ និងបរិស្ថាន។
ដោយឡែក លោក Mirziyoyev ក៏បានឱ្យដឹងដែរថា ប្រទេសទាំង៥ ដែលរួមមានអ៊ូសបេគីស្ថាន កៀហ្ស៉ីស៉ីស្ថាន តាហ្ស៉ីគីស្ថាន កាហ្សាក់ស្ថាន និងតួកម៉េគីស្ថាន បានសម្រេចបោះឆ្នោត ទទួលយកអាស៊ែបៃហ្សង់ ជាប្រទេសមួយស្ថិតនៅឯតំបន់ South Caucasus ដែលមិនត្រូវបានចាត់ទុកជាផ្នែកនៃតំបន់អាស៉ីកណ្តាល ឱ្យចូលជាសមាជិកនៃកិច្ចប្រជុំកំពូលរបស់ពួកគេ។
គួរបញ្ជាក់ថា តំបន់អាស៉ីកណ្តាល ដែលសម្បូរទៅដោយធនធានរ៉ែនិងថាមពល ជាយូរមកហើយមានទំនាក់ទំនងសេដ្ឋកិច្ច ក៏ដូចជានយោបាយជិតស្និទ្ធជាមួយរុស្ស៉ី ដ្បិតប្រទេសទាំងនេះ គឺសុទ្ធតែជាអតីតសាធារណរដ្ឋសូវៀត។ ប៉ុន្តែឥឡូវ ពួកគេកំពុងទទួលបានការចែចង់ពីលោកខាងលិច។ ក្នុងខែវិច្ឆិកានេះ មេដឹកនាំអាស៉ីកណ្តាលទាំង៥រូប ទើបតែបានធ្វើទស្សនកិច្ចរួមគ្នា ទៅកាន់ទីក្រុងវ៉ាស៉ីនតោន ដើម្បីបើកកិច្ចពិភាក្សាជាមួយ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ ដោយឡែក ចិនបច្ចុប្បន្នក៏មានឥទ្ធិពលសេដ្ឋកិច្ចធំ នៅតំបន់អាស៉ីកណ្តាលផងដែរ៕






