រជ្ជទាយាទអារ៉ាប៊ីសាអូឌីត បំពេញទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក ដោយមានវិស័យសន្តិសុខ AI និងថាមពលនុយក្លេអ៊ែរ ស្ថិតក្នុងរបៀបវារៈ (Video inside)
17-11-2025 13:43
(រីយ៉ាដ)៖ ដំណើរបំពេញទស្សនកិច្ចរបស់មេដឹកនាំអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់រជ្ជទាយាទ Mohammed bin Salman ទៅកាន់សហរដ្ឋអាមេរិក ដើម្បីបើកកិច្ចពិភាក្សាជាមួយ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងថ្ងៃអង្គារសប្តាហ៍នេះ មានគោលដៅធ្វើឱ្យកាន់តែស៉ីជម្រៅ នូវកិច្ចសហប្រតិបត្តិការស្តីពីវិស័យប្រេងនិងសន្តិសុខ ហើយទន្ទឹមគ្នានោះ ពង្រីកទំនាក់ទំនងនៅក្នុងវិស័យពាណិជ្ជកម្ម បច្ចេកវិទ្យា ហើយអាចថែមទាំង នៅក្នុងវិស័យថាមពលនុយក្លេអ៊ែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥។
វានឹងជាទស្សនកិច្ចលើកដំបូងរបស់ព្រះអង្គម្ចាស់ bin Salman ទៅកាន់ទីក្រុងវ៉ាស៉ីនតោន គិតចាប់តាំងពីឆ្នាំ២០១៨។ លោក ត្រាំ កំពុងតែទន្ទឹងរង់ចាំការវិនិយោគ ក្នុងទំហំទឹកប្រាក់សរុបរហូតដល់៦០០ពាន់លានដុល្លារ ដែលអារ៉ាប៊ីសាអូឌីត បានសន្យាអំឡុងទស្សនកិច្ចរបស់លោក នៅប្រទេសមហាសេដ្ឋីប្រេងមួយនេះ កាលពីខែឧសភា ខណៈរជ្ជទាយាទអារ៉ាប៊ីសាអូឌីត កំពុងព្យាយាមស្វែងរកការធានាសន្តិសុខ ចំពោះមុខភាពវឹកវរក្នុងតំបន់ ហើយចង់បានសិទ្ធិប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI រួមជាមួយវឌ្ឍនភាពឆ្ពោះទៅរកកិច្ចព្រមព្រៀងស្តីពីកម្មវិធីនុយក្លេអ៊ែរស៉ីវិល។
សហរដ្ឋអាមេរិកនិងអារ៉ាប៊ីសាអូឌីត មានការព្រមព្រៀងគ្នាជាយូរមកហើយ សម្រាប់ឱ្យព្រះរាជាណាចក្រអារ៉ាប់មួយនេះ លក់ប្រេងក្នុងតម្លៃប្រសើរជាងគេដល់សហរដ្ឋអាមេរិក ជាថ្នូរកំពូលមហាអំណាចយោធាពិភពលោកមួយនេះ ផ្តល់ការជួយការពារផ្នែកសន្តិសុខ។ យ៉ាងណាមិញ ប៉ុន្មានឆ្នាំចុងក្រោយនេះ អារ៉ាប៊ីសាអូឌីត បានព្យាយាមចង់សម្រេចឱ្យបាន កិច្ចព្រមព្រៀងការពារជាតិរឹងមាំមួយ ដែលមានការផ្តល់សច្ចាប័នពីសភាជាតិអាមេរិក ប៉ុន្តែទីក្រុងវ៉ាស៉ីនតោន បានភ្ជាប់វាទៅនឹងលក្ខខណ្ឌឱ្យអារ៉ាប៊ីសាអូឌីត ត្រូវស្តារទំនាក់ទំនងជាមួយអ៉ីស្រាអែល។ ជាការឆ្លើយតប ទីក្រុងរីយ៉ាដ បានភ្ជាប់រឿងនោះទៅនឹងការប្តេជ្ញាពីអ៉ីស្រាអែល ចំពោះការបង្កើតប្រទេសប៉ាឡេស្ទីន។
ដោយឡែក ទីក្រុងរីយ៉ាដ ក៏បាននិងកំពុងជំរុញផងដែរ នូវកិច្ចព្រមព្រៀងពាក់ព័ន្ធថាមពលនុយក្លេអ៊ែរ និងបច្ចេកវិទ្យា AI នៅក្រោមផែនការចក្ខុវិស័យឆ្នាំ២០៣០របស់ខ្លួន ដើម្បីធ្វើពិពិធកម្មសេដ្ឋកិច្ច ហើយពង្រឹងគោលជំហរ ធៀបជាមួយបណ្តាគូប្រជែងក្នុងតំបន់។ ការធានាបានបន្ទះឈីបកុំព្យូទ័រស៊េរិទំនើប នឹងមានសារសំខាន់ជាខ្លាំង ចំពោះផែនការរបស់អារ៉ាប៊ីសាអូឌីត ក្នុងការក្លាយជាមជ្ឈមណ្ឌលតភ្ជាប់ស្នូលមួយ នៅក្នុងបណ្តាញ AI ពិភពលោក និងចំពោះការប្រកួតប្រជែងជាមួយអេមីរ៉ាតអារ៉ាប់រួម។ រីឯការចង់បានកិច្ចព្រមព្រៀងជាមួយទីក្រុងវ៉ាស៉ីនតោន ស្តីពីការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរស៉ីវិលរបស់អារ៉ាប៊ីសសាអូឌីត គឺជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់ព្រះអង្គម្ចាស់ bin Salman ដើម្បីធ្វើពិពិធកម្មចេញពីការពឹងផ្អែកលើប្រេង៕





