ការវាយប្រហារតាមអាកាសរបស់រុស្ស៉ី សម្លាប់មនុស្ស៣នាក់ទៀត នៅភាគខាងកើតអ៊ុយក្រែន (Video inside)

17-11-2025 14:32

(កៀវ)៖ អាជ្ញាធរអ៊ុយក្រែន នាថ្ងៃចន្ទ ទី១៧ ខែវិច្ឆិកា បានឱ្យដឹងថា កាលពីវេលាយប់មិញនេះ ការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៉ី បានសម្លាប់មនុស្ស៣នាក់ទៀត ក្នុងទីក្រុងស្ថិតនៅតំបន់ Kharkiv ភាគខាងកើតប្រទេស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

លោក Vitali Karabanov ប្រធានរដ្ឋបាលយោធានៃទីក្រុង Balakliya និងលោក Oleg Synegubov អភិបាលតំបន់ Kharkiv បាននិយាយថា យោធារុស្ស៉ីបានបើកការវាយប្រហារ​ដោយមីស៉ីលចំនួន២លើក កាលពីអំឡុងវេលាយប់កន្លងទៅនេះ ចំកណ្តាលទីក្រុង Balakliya ហើយព័ត៌មានបឋមបានបង្ហាញថា មនុស្ស៣នាក់បានបាត់បង់ជីវិត ខណៈ១០នាក់បានរងរបួស ក្នុងនោះមានទាំងក្មេងអាយុជាង១០ឆ្នាំ និងមនុស្សចាស់វ័យជាង៦០ឆ្នាំ។

ចាប់តាំងពីសង្រ្គាមផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២មក រុស្ស៉ីបានវាយប្រហារតាមផ្លូវអាកាសលើអ៊ុយក្រែន សឹងតែរៀងរាល់ថ្ងៃ ដោយប្រើប្រាស់យន្តហោះដ្រូននិងមីស៉ីល។ កាលពីថ្ងៃសុក្រសប្តាហ៍មុន មនុស្ស៧នាក់បានស្លាប់ ក្រោយអគារស្នាក់នៅក្នុងរដ្ឋធានី​កៀវ ត្រូវរុស្ស៉ីវាយប្រហារចំ ហើយកាលពីថ្ងៃសៅរ៍ មនុស្ស៤នាក់ បាត់បង់ជីវិត ក្នុងការវាយប្រហាររបស់រុស្ស៉ី នៅភាគខាងត្បូងអ៊ុយក្រែន។ រីឯនៅសមរភូមិមុខ កងទ័ពរុស្ស៉ីបានបន្តអះអាងពីការទទួលបានភាពរីកចម្រើន ជាពិសេសនៅតំបន់ភាគខាងត្បូងអ៊ុយក្រែន ជាទីដែលខ្លួនទើបដណ្តើមបានភូមិ២ទៀត កាលពីថ្ងៃអាទិត្យ។

គួរបញ្ជាក់ថា ស្របពេលដែលរដូវរងាខិតកាន់តែកៀក ទីក្រុងមូស្គូបានបង្កើនការវាយប្រហាររបស់ខ្លួនយ៉ាងចាស់ដៃលើអ៊ុយក្រែន ជាពិសេសលើ​ហេដ្ឋារចនាសម្ព័ន្ធថាមពល។ ចំណែក ទីក្រុងកៀវ ជាញឹកញាប់ក៏បានវាយប្រហារតបត ដោយកំណត់គោលដៅលើឃ្លាំងស្តុក រោងចក្រចម្រាញ់ប្រេង និងមូលដ្ឋានផ្សេងៗទៀត នៅរុស្ស៉ីផងដែរ៕