ទីក្រុងប៉េកាំងប្រកាសថា នាយករដ្ឋមន្រ្តីចិន នឹងមិនជួបនាយករដ្ឋមន្រ្តីជប៉ុន នៅកិច្ចប្រជុំ G20 នាចុងសប្តាហ៍នេះឡើយ (Video inside)

17-11-2025 14:52

(ប៉េកាំង)៖ ក្រសួងការបរទេសទីក្រុងប៉េកាំង នាថ្ងៃចន្ទនេះ បានប្រកាសថា នាយករដ្ឋមន្រ្តីចិន លោក Li Qiang មិនមានផែនការ​ជួបជាមួយនាយករដ្ឋមន្រ្តីជប៉ុន អំឡុងព្រឹត្តិការណ៍កិច្ចប្រជុំកំពូល G20 ដែលប្រព្រឹត្តទៅនៅប្រទេសអាហ្រ្វិកខាងត្បូង នាចុងសប្តាហ៍នេះទេ ខណៈជម្លោះការទូតរវាងប្រទេសទាំងពីរ កាន់តែតានតឹងឡើង ជុំវិញបញ្ហាតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥។

កាលពីពេលមុនជម្លោះការទូតផ្ទុះឡើង នាយករដ្ឋមន្រ្តីជប៉ុន លោកស្រី Sanae Takaichi ធ្លាប់បានជួបពិភាក្សាទ្វេភាគីជាមួយ ប្រធានាធិបតីចិន លោក ស៉ី ជីនពីង កាលពីចុងខែមុន អំឡុងពេលមេដឹកនាំទាំងពីរ ទៅចូលរួមព្រឹត្តិការណ៍កិច្ចប្រជុំកំពូល APEC នៅឯប្រទេសកូរ៉េខាងត្បូង។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បាននិយាយក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា ការអត្ថាធិប្បាយរបស់​នាយករដ្ឋមន្រ្តីជប៉ុន បានបង្កការខូចខាតយ៉ាងខ្លាំង ចំពោះមូលដ្ឋានគ្រឹះនយោបាយ នៃទំនាក់ទំនង​ចិន-ជប៉ុន ហើយភាគីជប៉ុនគួរតែដកចេញវិញជាបន្ទាន់ នូវពាក្យសម្តីដ៏ខុសឆ្គងរបស់ខ្លួន។

គួរបញ្ជាក់ថា ក្នុងខែវិច្ឆិកានេះ លោកស្រី Takaichi បានថ្លែងប្រាប់សភាជប៉ុនថា ក្នុងករណីទីក្រុងប៉េកាំង សម្រេចវាយលុកលើកោះតៃវ៉ាន់ ដែលចិនចាត់ទុកជាផ្នែកនៃទឹកដីរបស់ខ្លួន នោះវាអាចនឹងគំរាមកំហែងដល់អាយុជីវិតរបស់ប្រទេសជប៉ុន ហើយប្រហែលតម្រូវឱ្យមាន​ការឆ្លើយតបយោធាពីជប៉ុន។ ការអត្ថាធិប្បាយបែបនោះ បានធ្វើឱ្យចិនក្តៅស្លឹកត្រចៀកជាខ្លាំង ដ្បិតបញ្ហាកោះតៃវ៉ាន់ គឺជាខ្សែបន្ទាត់ក្រហម និងជាបញ្ហាស្នូលបំផុតនៃផលប្រយោជន៍ស្នូលនានារបស់ប្រទេសចិន៕