នូវែលសេឡង់សម្តែងការស្វាគមន៍ ក្រោយអាមេរិកលុបចោលពន្ធគយបន្ថែម លើទំនិញតម្លៃ១.២៥ពាន់លានដុល្លារ (Video inside)
17-11-2025 15:45
(វែលលីងតោន)៖ នូវែលសេឡង់ បានស្វាគមន៍ការប្រកាសរបស់សហរដ្ឋអាមេរិក ថានឹងដកចេញវិញ នូវពន្ធបន្ថែមលើផលិតផលកសិកម្មច្រើនប្រភេទ របស់នូវែលសេឡង់ រួមទាំងសាច់គោ សាច់ក្រក និងផ្លែគីវី ហើយក៏បានអំពាវនាវឱ្យមានការដកចេញបន្ថែមទៀត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៧ ខែវិច្ឆិកា ឆ្នាំ ២០២៥។
លោក ត្រាំ បានដកពន្ធដែលលោក បានដាក់លើផលិតផលអាហារជាង ២០០មុខ រួមទាំងសាច់គោ ខណៈដែលអ្នកប្រើប្រាស់នៅអាមេរិក សម្តែងក្តីបារម្ភកាន់តែខ្លាំងចំពោះតម្លៃគ្រឿងទេស នៅក្នុងសហរដ្ឋអាមេរិក។ តាមរដ្ឋាភិបាលនូវែលសេឡង់ ផលិតផលនេះតំណាងឱ្យប្រហែល ២៥ភារយនៃការនាំចេញរបស់នូវែលសេឡង់ ទៅកាន់សហរដ្ឋអាមេរិក ហើយមានតម្លៃប្រហែល ១.២៥ពាន់លានដុល្លារជារៀងរាល់ឆ្នាំ។
រដ្ឋមន្រ្តីពាណិជ្ជកម្មនូវែលសេឡង់ លោក Todd McClay បញ្ជាក់ថា អាមេរិកនៅតែជាដៃគូពាណិជ្ជកម្មដ៏សំខាន់ សម្រាប់នូវែលសេឡង់ ហើយការសម្រេចដកពន្ធ គឺជាជំហានមួយក្នុងទិសដៅត្រឹមត្រូវ ដើម្បីកាត់បន្ថយបញ្ហាទំនិញឡើងថ្លៃ។ លោក McClay បាននិយាយថា លោកនឹងបន្តលើកពីតុល្យភាពទំនាក់ទំនងពាណិជ្ជកម្មនូវែលសេឡង់-អាមេរិក ហើយថាពន្ធបន្ថែមលើការនាំចេញផ្សេងទៀត ក៏គួរតែត្រូវបានដកចេញផងដែរ៕




