តុលាការបង់ក្លាដែស សម្រេចផ្តន្ទាទោសប្រហារជីវិត អតីតនាយករដ្ឋមន្រ្តី លោកស្រី Hasina ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ (Video inside)

17-11-2025 16:54

(ដាក្កា)៖ នាថ្ងៃចន្ទនេះ តុលាការនៅប្រទេសបង់ក្លាដែស បានប្រកាសផ្តន្ទាទោសប្រហារជីវិត អតីតនាយករដ្ឋមន្រ្តី ដែលត្រូវបានទម្លាក់ពីអំណាច គឺលោកស្រី Sheikh Hasina បន្ទាប់ពីរកឃើញថា លោកស្រីពិតជាមានទោសជុំវិញឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី១៧ ខែតុលា ឆ្នាំ២០២៥។

ចៅក្រម លោក Golam Mortuza Mozumder បានប្រកាសក្នុងសាលក្រមថា លោកស្រី Hasina ត្រូវបានរកឃើញមានទោស ក្រោមបទចោទប្រកាន់សរុបចំនួន៣ករណី ក្នុងនោះរួមមានញុះញង់ឱ្យបង្កអំពើហិង្សា ចេញបញ្ជាឱ្យមានការសម្លាប់ និងមិនធ្វើសកម្មភាព ដើម្បីទប់ស្កាត់អំពើឃោរឃៅ ដែលកើតមានអំឡុងអាណត្តិកាន់អំណាចរបស់លោកស្រី ដូច្នេះហើយ តុលាការសម្រេចថា មានការផ្តន្ទាទោសដែលសក្តិសមតែមួយគត់ គឺទោសប្រហារជីវិត។ លោកស្រី Hasina ផ្ទាល់ បានចេញមុខរិះគន់ សាលក្រមខាងលើ ដោយនិយាយថា វាអយុត្តិធម៌និងបង្កប់ហេតុផលនយោបាយ។

គួរបញ្ជាក់ថា លោកស្រី Sheikh Hasina ត្រូវបានទម្លាក់ពីអំណាចកាលពីខែសីហា ឆ្នាំមុន បន្ទាប់ពីផ្ទុះការបះបោរដឹកនាំដោយចលនានិស្សិត ដែលមានការបង្រ្កាបយ៉ាងសាហាវ ហើយធ្វើឱ្យកក្រើកប្រទេសបង់ក្លាដែស។ លោកស្រី បានរត់ភៀសខ្លួនទៅប្រទេសឥណ្ឌា ហើយកំពុងបន្តជ្រកកោននៅទីនោះ។ លោកស្រីបានកាន់តំណែងជានាយករដ្ឋមន្រ្តី ចាប់ពីឆ្នាំ១៩៩៦ ដល់ឆ្នាំ២០០១ និងពីឆ្នាំ២០០៩ ដល់ឆ្នាំ២០២៤៕