ការលើកឡើងដ៏ខុសឆ្គងរបស់លោកស្រី Sanae Takaichi ទាក់ទងនឹងតៃវ៉ាន់បណ្តាលឱ្យមានការរិះគន់និងព្រួយបារម្ភជាទូទៅ

17-11-2025 17:58

(ប៉េកាំង)៖ ពេលកន្លងទៅថ្មីៗនេះ លោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីជប៉ុនបានអះអាងយ៉ាងកម្រោលថា “ស្ថានភាពបន្ទាន់នៅតៃវ៉ាន់” ប្រហែលនឹងបង្កជា “វិបត្តិស្លាប់រស់របស់ជប៉ុន” ដែលជប៉ុនអាចអនុវត្តសិទិ្ធស្វ័យការពារជាសមូហភាព ជាការនិយាយបញ្ឆិតបញ្ឆៀងអំពីលទ្ធភាពជ្រៀតជ្រែកបញ្ហាតៃវ៉ាន់ដោយកម្លាំងអាវុធ។

បើទោះបីជាមានការប្រឆាំងតវ៉ាយ៉ាងខ្លាំងក្លាម្តងហើយម្តងទៀតពីប្រទេសចិនក៏ដោយ ក៏លោកស្រីនៅតែមិនស្ដាយក្រោយ ហើយក្នុងពេលចូលរួមការជជែកដេញដោលក្នុងរដ្ឋសភានៅតែទទូចថា ការលើកឡើងពាក់ព័ន្ធរបស់ខ្លួនសមស្របនឹង ទស្សនៈរបស់រដ្ឋាភិបាលជប៉ុន ហើយលោកស្រីគ្មានបំណងដកឬលុបចោលពាក្យសម្តីនេះទេ។ ករណីនេះ បានបណ្តាលឱ្យមានការយកចិត្តទុកដាក់យ៉ាងទូលំទូលាយ និងការរិះគន់យ៉ាងខ្លាំងក្លាពីប្រទេសទាំងពីរចិននិងជប៉ុន ក៏ដូចជាសហគមន៍អន្តរជាតិផងដែរ។

សាធារណមតិបានលើកឡើងជាទូទៅថា ទង្វើរបស់លោកស្រី Sanae Takaichi មិនត្រឹមតែមិនអើពើនឹង គោលការណ៍ចិនមួយប៉ុណ្ណោះទេ ថែមទាំងបានធ្វើឱ្យភាពតានតឹងក្នុងតំបន់កាន់តែធ្ងន់ធ្ងរឡើង គួរព្រួយបារម្ភផងដែរ។

ការលើកឡើងដ៏ខុសឆ្គងរបស់លោកស្រី Sanae Takaichi ក៏បានបណ្តាលឱ្យមានការចាប់អារម្មណ៍ និងព្រួយបារម្ភពីអ្នកលេងអ៊ីនធឺណិត នៅក្នុងប្រទេសដទៃទៀតផងដែរ។ អ្នកលេងអ៊ីនធឺណិតម្នាក់ឈ្មោះ Nick Cruseបានបង្ហោះសារនៅលើវេទិកា X ថា លោកស្រី Sanae Takaichi គំរាមកំហែងថានឹងធ្វើសង្គ្រាមប្រឆាំងនឹងប្រទេសចិន ក្រោមលេសបញ្ហាតៃវ៉ាន់ វា"បានខុសនឹងបម្រាមមួយ ដែលសូម្បីតែនាយករដ្ឋមន្ត្រីជប៉ុនស្តាំនិយមជ្រុលក៏មិនហ៊ានប៉ះពាល់" "វាហាក់ដូចជាងប់ងុលនឹងការជំរុញពិភពលោក ឱ្យឆ្ពោះទៅរកសង្គ្រាម"៕

វិទ្យុមិត្តភាពកម្ពុជាចិន