វិមានក្រឹមឡាំង សង្ឃឹមថានឹងមានជំនួបកំពូល ពូទីន-ត្រាំ សាជាថ្មីម្តងទៀត (Video inside)
17-11-2025 21:49
(មូស្គូ)៖ វិមានក្រឹមឡាំង បានប្រកាសនៅថ្ងៃចន្ទនេះថា ខ្លួនសង្ឃឹមថាជំនួបកំពូលមួយទៀតរវាងប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អាចនឹងកើតមានឡើង ដរាបណាការរៀបចំចាំបាច់ត្រូវបានបញ្ចប់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក ពូទីន និងលោក ត្រាំ បានជួបគ្នាលើកចុងក្រោយកាលពីខែសីហា នៅក្នុងជំនួបកំពូលមួយនៅរដ្ឋអាឡាស្កា ជាកន្លែងដែលពួកគេបានពិភាក្សាអំពីដំណោះស្រាយដែលអាចទៅរួចដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។ កាលពីខែមុន ពួកគេបានប្រកាសពីផែនការសម្រាប់ជំនួបកំពូលមួយនៅទីក្រុងប៊ូដាប៉ែស ប៉ុន្តែលោក ត្រាំ បានលុបចោលវិញភ្លាមៗ ដោយនិយាយថា ពេលវេលាហាក់ដូចជាមិនសមស្រប។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា «យើងពិបាកនឹងព្យាករណ៍ណាស់ថា ពេលណាទើបលក្ខខណ្ឌទាំងនេះនឹងកើតមានឡើង។ ទោះជាយ៉ាងណា យើងទាំងអស់គ្នាចាប់អារម្មណ៍ចង់ឱ្យលក្ខខណ្ឌទាំងនេះកើតឡើងឆាប់ៗ»។ លោកបានបន្ថែមថា ភាគីទាំងពីរយល់ស្របថា ជំនួបកំពូលមួយ ទាមទារការរៀបចំយ៉ាងល្អិតល្អន់ ដើម្បីឱ្យមានផ្លែផ្កា។ «ដូច្នេះ ដរាបណាការរៀបចំនេះត្រូវបានបញ្ចប់ ហើយលក្ខខណ្ឌសម្រាប់ការរៀបចំជំនួបកំពូលមានភាពអំណោយផល យើងសង្ឃឹមថាវានឹងកើតឡើង»។
ការណ៍នេះកើតឡើងស្របពេលដែលលោក ត្រាំ បានបង្ហាញការខកចិត្តរបស់លោក ដោយបាននិយាយថា «រាល់ពេលដែលខ្ញុំនិយាយជាមួយ វ៉្លាឌីមៀ ខ្ញុំមានការសន្ទនាដ៏ល្អ ប៉ុន្តែបន្ទាប់មកវាមិនបានទៅណាទាំងអស់»។ នៅថ្ងៃទី២២ ខែតុលា លោកបានដាក់ទណ្ឌកម្មទាក់ទងនឹងអ៊ុយក្រែនមកលើរុស្ស៊ីជាលើកដំបូងក្នុងអាណត្តិទីពីររបស់លោក ដោយផ្តោតលើក្រុមហ៊ុនប្រេង Rosneft និង Lukoil។ លើសពីនេះ លោក ត្រាំ ក៏បានបញ្ជាក់កាលពីថ្ងៃអាទិត្យថា គណបក្សសាធារណរដ្ឋកំពុងរៀបចំច្បាប់ដែលនឹងដាក់ទណ្ឌកម្មលើប្រទេសណាមួយដែលធ្វើពាណិជ្ជកម្មជាមួយរុស្ស៊ី។
គួរបញ្ជាក់ថា លោក ប៉េស្កូវ បានឆ្លើយតបទៅនឹងផែនការច្បាប់ថ្មីនេះថា ទីក្រុងមូស្គូនឹងមាន «ទស្សនៈអវិជ្ជមានយ៉ាងខ្លាំង» ចំពោះវា។ ស្រដៀងគ្នានេះដែរ លោក ត្រាំ ក៏បានដំឡើងពន្ធយ៉ាងខ្លាំងលើទំនិញឥណ្ឌា ដោយសំអាងលើការទិញប្រេងរុស្ស៊ីរបស់ឥណ្ឌា ដែលជាទង្វើមួយទីក្រុងមូស្គូបានចាត់ទុកថាជាការដាក់សម្ពាធពាណិជ្ជកម្មដោយខុសច្បាប់៕





