លោក ត្រាំ៖ សហរដ្ឋអាមេរិកនឹងលក់យន្ដហោះចម្បាំងបំបាំងកាយ F-35 ទៅឱ្យអារ៉ាប៊ីសាអូឌីត (Video inside)
18-11-2025 09:03
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ ទី១៧ ខែវិច្ឆិកា បាននិយាយថាសហរដ្ឋអាមេរិកនឹងលក់យន្ដហោះចម្បាំងបំបាំងកាយ F-35 ទៅឱ្យអារ៉ាប៊ីសាអូឌីត មួយថ្ងៃមុនដំណើរទស្សនកិច្ចរបស់ព្រះអង្គម្ចាស់រជ្ជទាយាទ មហាំម៉ាត់ ប៊ីន សាល់ម៉ាន ទៅកាន់សេតវិមាន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
លោក ដូណាល់ ត្រាំ ធ្វើការកត់សម្គាល់បែបនេះនៅពេលត្រូវបានក្រុមអ្នកសារព័ត៌មានសាកសួរថាតើទីក្រុងវ៉ាស៊ីនតោននឹងយល់ព្រមលក់យន្ដហោះចម្បាំង F-35 ទៅឱ្យទីក្រុងរីយ៉ាដ ដែរឬទេ នៅក្នុងជំនួបជាមួយព្រះអង្គម្ចាស់ ប៊ីនសាល់ម៉ាននៅអង្គារសប្ដាហ៍នេះ។ ជាការឆ្លើយតប លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «យើងនឹងវា។ យើងនឹងលក់យន្ដហោះចម្បាំង F-35 ហើយពួកគេ (អារ៉ាប៊ីសាអូឌីត) គឺជាសម្ព័ន្ធមិត្តមួយដ៏អស្ចារ្យ»។
គួរបញ្ជាក់ថា អារ៉ាប៊ីសាអូឌីត បានតាមទិញយន្ដហោះចម្បាំង F-35 ពីសហរដ្ឋអាមេរិកជាយូរណាស់មកហើយ ខណៈបច្ចុប្បន្ននៅមជ្ឈិមបូព៌ាមានតែអ៉ីស្រាអែលមួយគត់ដែលមានយន្ដហោះចម្បាំង ដ៏ទំនើបនេះប្រើ។ ក្រុមមន្ត្រីអ៉ីស្រាអែលបានបង្ហាញការព្រួយបារម្ភអំពីការលក់យន្ដហោះចម្បាំងនេះទៅឱ្យអារ៉ាប៊ីសាអូឌីត បើទោះជាកំពុងជំរុញឱ្យទីក្រុងរីយ៉ាដភ្ជាប់ទំនាក់ទំនងជាប្រក្រតីជាមួយ អ៉ីស្រាអែលក៏ដោយ៕







