ក្រុមប្រឹក្សាសន្តិសុខ UN បោះឆ្នោតអនុម័តលើដំណោះស្រាយអាមេរិកស្ដីពីផែនការហ្កាហ្សារបស់លោក ត្រាំ (Video inside)

18-11-2025 09:20

(វ៉ាស៊ីនតោន)៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃចន្ទ ទី១៧ ខែវិច្ឆិកា បានបោះឆ្នោតអនុម័តលើសេចក្ដីព្រាងដំណោះស្រាយមួយរបស់សហរដ្ឋអាមេរិកដែលទទួលស្គាល់ផែនការរបស់ លោកប្រធានាធិបតី ដូណាល់ ត្រាំ ដើម្បីបិទបញ្ចប់សង្រ្គាមនៅក្នុងតំបន់ហ្កាហ្សា និងអនុញ្ញាតឱ្យបង្កើតកងកម្លាំងស្ថិរភាពអន្តរជាតិសម្រាប់ដែនដីប៉ាឡេស្ទីនមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

អ៉ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីន បានឯកភាពគ្នាកាលពីខែតុលាកន្លងទៅលើដំណាក់កាល់ទី១នៃផែនការសន្តិភាព២០ចំណុចរបស់លោក ត្រាំ សម្រាប់តំបន់ហ្កាហ្សា ភ្ជាប់ជាមួយបទឈប់បាញ់ មួយនៅក្នុងសង្រ្គាមអូសបន្លាយពេលជាង២ឆ្នាំ។ ដំណោះស្រាយព្រាងដោយសហរដ្ឋអាមេរិកខាងលើទទួលបានការបោះឆ្នោតគាំទ្រ១៣សំឡេងនៅក្នុងចំណោមសមាជិកក្រុមប្រឹក្សាសន្តិសុខ UN ទាំង១៥ប្រទេស ខណៈចិន និងរុស្ស៉ីបានអនុបវាទ។

គួរបញ្ជាក់ថា នៅក្រោមដំណោះស្រាយខាងលើ រដ្ឋជាសមាជិក UN អាចចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាពដែលមានលោក ដូណាល់ ត្រាំ ជាប្រធាន។ ក្រុមប្រឹក្សាសន្តិភាពនេះគឺជាអាជ្ញាធរបណ្ដោះអាសន្ន ដែលត្រួតពិនិត្យលើការកសាង និងស្ដារសេដ្ឋកិច្ចក្នុងតំបន់ហ្កាហ្សាឡើងវិញ ព្រមទាំងអនុញ្ញាតដល់ការបង្កើតកងកម្លាំងស្ថិរភាពអន្តរជាតិ ដែលនឹងធានានូវដំណើរការនៃការរំសាយយោធា ក្នុងតំបន់ហ្កាហ្សា៕