កូរ៉េខាងជើង រិះគន់កិច្ចព្រមព្រៀងនាវាមុជទឹករវាងអាមេរិក និងកូរ៉េខាងត្បូងថានឹងបង្កការរត់ប្រណាំងសព្វាវុធ (Video inside)

18-11-2025 09:47

(សេអ៊ូល)៖ កូរ៉េខាងជើង នៅថ្ងៃអង្គារ ទី១៨ ខែវិច្ឆិកា បានថ្កោលទោសកិច្ចព្រមព្រៀងមួយរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដើម្បីផលិតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរថាជាការប៉ុនប៉នបង្ក ឱ្យមានការប្រឈមមុខដាក់គ្នាដ៏គ្រោះថ្នាក់ និងការរត់ប្រណាំងអាវុធដ៏ក្ដៅគគុកមួយនៅក្នុងតំបន់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ AFP។

នៅក្នុងការអត្ថាធិប្បាយឆ្លើយតបជាលើកដំបូងទៅនឹងកិច្ចព្រមព្រៀងដែលសហរដ្ឋអាមេរិកនឹងជួយកូរ៉េខាងត្បូងផលិតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង KCNA បានលើកឡើងនៅក្នុងបទអត្ថាធិប្បាយមួយថា «កិច្ចព្រមព្រៀងនេះជាការវិវត្តន៍ដ៏ធ្ងន់ធ្ងរមួយដែលនឹងបង្កអស្ថិរភាពដល់ស្ថានភាពសន្តិសុខនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ហួសពីតំបន់ឧបទ្វីបកូរ៉េ និងបង្កទៅ ជាស្ថានភាពមួយមិនអាចគ្រប់គ្រងនុយក្លេអ៊ែរបាននៅលើពិភពលោក»។ KCNA បានបន្ថែមទៀតថាការកាន់កាប់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់កូរ៉េខាងត្បូង នឹងបង្កឱ្យមានការរត់ប្រណាំងសព្វាវុធ ដ៏ក្ដៅគគុកមួយនៅក្នុងតំបន់។

គួរបញ្ជាក់ថា ការអត្ថាធិប្បាយរបស់ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង កើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីទីក្រុងសេអ៊ូលបានស្នើបើកកិច្ចពិភាក្សាយោធាជាមួយកូរ៉េខាងជើង ដើម្បីទប់ស្កាត់កុំឱ្យជម្លោះ ផ្ទុះឡើងនៅតំបន់ព្រំដែន ហើយនេះជាសំណើលើកដំបូងបំផុតក្នុងពេល៧ឆ្នាំមកនេះ។ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung ក៏បានស្នើបើកកិច្ចពិភាក្សាជាមួយកូរ៉េខាងជើង ដោយគ្មានលក្ខខណ្ឌជាមុនផងដែរ។ តែកូរ៉េខាងជើងមិនទាន់ឆ្លើយតបទៅនឹងសំណើរបស់លោក Lee នោះទេ៕