លោក ត្រាំ បើកចំហកិច្ចសន្ទនាជាមួយលោក ម៉ាឌូរ៉ូ ខណៈដំឡើងសំឡេងដាក់ម៉ិកស៉ិក (Video inside)
18-11-2025 10:05
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃចន្ទ ទី១៧ ខែវិច្ឆិកា ថារូបលោកនឹងជជែកជាមួយប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ ខណៈការបង្កើន វត្តមានយោធារបស់សហរដ្ឋអាមេរិកកំពុងបង្កភាពតានតឹង ហើយបានបន្ថែមថាលោកនឹងយល់ស្របចំពោះការវាយប្រហារលើប្រឆាំងពួកឧក្រិដ្ឋជនគ្រឿងញៀនក្នុងប្រទេសម៉ិកស៉ិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
លោក ត្រាំ បានបង្កើនវត្តមានកងកម្លាំងយោធាអាមេរិកដ៏គួរឱ្យភ្ញាក់ផ្អើលក្នុងតំបន់ Caribbean ដើម្បីបង្រ្កាបពួកឧក្រិដ្ឋជនជួញដូរគ្រឿងញៀន ដោយចាប់តាំងពីខែកញ្ញាមក ការវាយប្រហាររបស់យោធាអាមេរិក លើទូកសង្ស័យដឹកគ្រឿ
ងញៀនទាំងនៅក្នុងតំបន់ Caribbean និងតំបន់ប៉ាស៊ីហ្វិក បានសម្លាប់មនុស្សយ៉ាងហោច ៨៣នាក់។ នៅពេលត្រូវបានសាកសួរដោយក្រុមអ្នកសារព័ត៌មាននៅឯការិយាល័យពងក្រពើ នៃ សេតវិមានថាតើរូបលោកនឹងនិយាយទៅកាន់លោក ម៉ាឌូរ៉ូ ដែរឬទេ? លោក ត្រាំ បាននិយាយថា «នៅពេលណាមួយ ខ្ញុំនឹងនិយាយទៅកាន់គាត់»។ ប៉ុន្តែ នៅពេលត្រូវបានសួរថាតើរូបលោកនឹងមិនបញ្ជូន កងទ័ពអាមេរិកចូលទៅក្នុងប្រទេសវ៉េណេស៊ុយអេឡាទេឬ? លោក ត្រាំ បានឆ្លើយថា «ទេ ខ្ញុំមិនច្រានចោលលទ្ធភាពបញ្ជូនទ័ពទេ។ ខ្ញុំមិនច្រានចោលអ្វីទាំងអស់»។
ប៉ុន្មានម៉ោងក្រោយមក លោក ម៉ាឌូរ៉ូ បាននិយាយថារូបលោកត្រៀមខ្លួនរួចជាស្រេចដើម្បីជជែកទល់មុខជាមួយនរណាក៏បាននៅក្នុងសហរដ្ឋអាមេរិកដែលចង់និយាយជាមួយវ៉េណេស៊ុយអេឡា។
គួរបញ្ជាក់ថា លោក ត្រាំ ក៏បានចោទប្រកាន់ផងដែរថាម៉ិចស៉ិកបានបរាជ័យក្នុងការបង្រ្កាបគ្រឿងញៀន ជាមួយការប្រកាសថារូបលោកអាចនឹងយល់ព្រមឱ្យមានការវាយប្រហារនៅក្នុងប្រទេសម៉ិកស៉ិក ដើម្បីបញ្ឈប់ គ្រឿងញៀន៕









