អាល្លឺម៉ង នឹងលុបចោលការរឹតត្បិតលើការលក់អាវុធ ទៅឱ្យអ៉ីស្រាអែល (Video inside)
18-11-2025 11:47
(បែរឡាំង)៖ ប្រទេសអាល្លឺម៉ង់ កំពុងឈានទៅរកការលក់អាវុធឱ្យអ៉ីស្រាអែលឡើងវិញ បន្ទាប់ពីបានផ្អាកកាលពីខែសីហា ដោយសារតែសង្រ្គាមនៅតំបន់ហ្កាហ្សា ប៉ុន្តែទីក្រុងបែរឡាំងថាការសម្រេចនេះ អាស្រ័យលើការគោរពបទឈប់បាញ់ និងការផ្តល់ជំនួយមនុស្សធម៌ទ្រង់ទ្រាយធំ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៨ ខែវិច្ឆិកា ឆ្នាំ ២០២៥។
តាមអ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់ ទីក្រុងបែរឡាំងនឹងលុបចោលការរឹតត្បិត ចាប់ពីថ្ងៃទី២៤ ខែវិច្ឆិកា ហើយពិនិត្យការនាំចេញអាវុធទៅអ៉ីស្រាអែលម្តងមួយករណី ខណៈដែលបន្តតាមដានការវិវត្តនៃស្ថានភាពជាក់ស្តែង។ អ្នកនាំពាក្យរូបនេះបានបន្ថែមថា បទឈប់បាញ់រវាងអ៉ីស្រាអែល និងក្រុមហាម៉ាសក្នុងសង្រ្គាមហ្កាហ្សា គឺជាមូលដ្ឋាននៃការសម្រេចនេះ ហើយអាល្លឺម៉ង់សង្ឃឹមថាគ្រប់ភាគីនឹងអនុវត្តបាន ទៅតាមអ្វីដែលមានក្នុងកិច្ចព្រមព្រៀង។
គួរបញ្ជាក់ថា អាល្លឺម៉ង គឺអ្នកនាំចេញអាវុធទៅអ៉ីស្រាអែលធំលំដាប់ទីពីរ បន្ទាប់ពីសហរដ្ឋអាមេរិក។ យោងតាមវិទ្យាស្ថានស្រាវជ្រាវអន្តរជាតិ Stockholm អាល្លឺម៉ង់ផ្គត់ផ្គង់ប្រហែល ៣០ភាគរយនៃអាវុធនាំចូលរបស់អ៉ីស្រាអែល ក្នុងឆ្នាំ ២០១៩-២០២៣៕




