ហ៊្សកដានី អនុម័តច្បាប់ឱ្យមានការបំពេញកាតព្វកិច្ចយោធាឡើងវិញ ក្រោយបិទបញ្ចប់តាំងពីរាប់ទសវត្សរ៍មុន (Video inside)
18-11-2025 13:12
(អាម៉ាន់)៖ កាលពីថ្ងៃចន្ទ ទី១៧ ខែវិច្ឆិកា សភានៃប្រទេសហ៊្សកដានី បានបោះឆ្នោតគាំទ្រច្បាប់កំណត់ឱ្យមាន ការបំពេញកាតព្វកិច្ចយោធាឡើងវិញសម្រាប់បុរស ចាប់ពីដើមឆ្នាំក្រោយតទៅ បន្ទាប់ពីការតម្រូវឱ្យបំពេញកាតព្វកិច្ចយោធាជាកំហិត នៅក្នុងប្រទេសមួយនេះ ធ្លាប់ត្រូវបានបិទបញ្ចប់តាំងតែពីរាប់ទសវត្សរ៍កន្លងមក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
រជ្ជទាយាទហ៊្សកដានី ព្រះអង្គម្ចាស់ Hussein bin Abdullah II កាលពីខែសីហា ឆ្នាំនេះ បានប្រកាសអំពីការសម្រេចឱ្យមានការអនុវត្តឡើងវិញ នូវការបំពេញកាតព្វកិច្ចយោធា ក្នុងគោលដៅធ្វើឱ្យបុរសវ័យក្មេងទាំងឡាយ មានការត្រៀមលក្ខណៈគ្រប់គ្រាន់ ដើម្បីបម្រើនិងការពារប្រទេសជាតិរបស់ពួកគេ។ ក្រោយការអនុម័តពីសភា ច្បាប់ខាងលើនឹងត្រូវធ្វើសច្ចាប័នដោយព្រឹទ្ធសភា បន្ទាប់មកបញ្ជូនឱ្យព្រះមហាក្សត្រហ៊្សកដានី ឡាយព្រះហត្ថលេខា ដើម្បីដាក់ឱ្យចូលជាធរមានជាផ្លូវការ។
លោក Mohammed al-Momani អ្នកនាំពាក្យរដ្ឋាភិបាលហ៊្សកដានី កន្លងមក ធ្លាប់បាននិយាយថា កម្មវិធីបំពេញកាតព្វកិច្ចយោធានេះ បានដាក់គោលដៅកែនបុរសសរុប៦០០០នាក់ អាយុចាប់ពី១៨ឆ្នាំឡើងទៅ នៅខែកុម្ភៈ ឆ្នាំ២០២៦ ខណៈគោលដៅចុងក្រោយ គឺនឹងកែនឱ្យដល់១០ ០០០នាក់ ក្នុងមួយឆ្នាំៗ។ បើតាមអ្នកនាំពាក្យរូបនោះ អ្នកដែលគេចវេះពីការបំពេញកាតព្វកិច្ចយោធា នឹងរងការពិន័យជាប់ពន្ធនាគារចន្លោះពី៣ខែ ដល់១ឆ្នាំ។
គួរបញ្ជាក់ថា ហ៊្សកដានី ធ្លាប់បានបិទបញ្ចប់កម្មវិធីបំពេញកាតព្វកិច្ចយោធា កាលពីឆ្នាំ១៩៩១ ពោលគឺត្រឹម៣ឆ្នាំ មុនពេលខ្លួនចុះសន្ធិសញ្ញាសន្តិភាពជាមួយអ៉ីស្រាអែល នៅឆ្នាំ១៩៩៤។ លោក Momani បានច្រានចោល ការលើកឡើងថា ការអនុម័តច្បាប់កាតព្វកិច្ចយោធាឡើងវិញនេះ គឺពាក់ព័ន្ធជាមួយសម្តីរបស់នាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu កាលពីខែសីហា ដែលពេលនោះ លោក Netanyahu ហាក់បានបង្ហាញការគាំទ្រចំពោះគំនិត ហៅថា Greater Israel ឬ ប្រទេសអ៉ីស្រាអែលធំអស្ចារ្យ។
ពាក្យ Greater Israel នេះ ចង់សំដៅលើខ្លឹមសារបកប្រែក្នុងគម្ពីសាសនា ស្តីពីទឹកដីរបស់ប្រទេសអ៉ីស្រាអែល អំឡុងរជ្ជកាលស្តេច Solomon ដែលមិនត្រឹមគ្របដណ្តប់លើ ទឹកដីប៉ាឡេស្ទីនសព្វថ្ងៃ ដូចជា Gaza និង West Bank ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើផ្នែកខ្លះនៃបណ្តាប្រទេសដទៃទៀត រួមមានទាំងលីបង់ ស៉ីរី និងហ៊្សកដានី ទៀតផង៕







